ព្រះត្រៃបិដក ភាគ ២១
រួចអំពីឥទ្ធានុភាព របស់មារទៅហើយ បើដូច្នោះ មានតែយើងទាំងឡាយ គប្បីវៀរចាកនិវាបភោជន និងលោកាមិសៈចេញ ដោយប្រការទាំងពួង ទាំងវៀរចាកការបរិភោគ ព្រោះសេចក្តីខ្លាច ហើយចូលទៅកាន់ព្រៃជ្រៅ នៅតាមសប្បាយ លុះសមណព្រាហ្មណ៍ទី២ទាំងនោះ គិតដូច្នេះហើយ ក៏វៀរចាកនិវាបភោជន និងលោកាមិសៈចេញ ដោយសព្វគ្រប់ វៀរចាកការបរិភោគ ព្រោះសេចក្តីខ្លាច ហើយចូលទៅកាន់ព្រៃជ្រៅ នៅតាមសប្បាយ ពួកសមណព្រាហ្មណ៍ទាំងនោះ មានបន្លែស្រស់ ជាអាហារខ្លះ។បេ។ មានផ្លែឈើ ដែលជ្រុះឯង ជាភោជនខ្លះ ក្នុងដងព្រៃនោះ លុះដល់ខែជាខាងចុង នៃគិម្ហៈរដូវ មានស្មៅ និងទឹកអស់ហើយ កាយរបស់សមណព្រាហ្មណ៍ទាំងនោះ ក៏ដល់នូវភាពស្គាំងស្គមក្រៃពេក លុះសមណព្រាហ្មណ៍ទាំងនោះ មានកាយដល់នូវភាពស្គាំងស្គមក្រៃពេកហើយ កម្លាំង និងសេចក្តីព្យាយាម ក៏សាបសូន្យទៅ កាលបើកម្លាំង និងសេចក្តីព្យាយាមសាបសូន្យហើយ ចេតោវិមុត្តិ ក៏សាបសូន្យដែរ កាលបើចេតោវិមុត្តិសាបសូន្យហើយ ពួកសមណព្រាហ្មណ៍ទី២នោះ ក៏ត្រឡប់មកកាន់ដំណាំ ដែលមារដាំហើយនោះផង
ID: 636822540765636900
ទៅកាន់ទំព័រ៖