ព្រះត្រៃបិដក ភាគ ២១
ឃើញទោស ក្នុងសង្កិលេសធម៌ ហើយស្វែងរកព្រះនិព្វាន ដែលមិនមានសង្កិលេសធម៌ ឥតមានគុណជាតដទៃស្មើ ជាទីក្សេមចាកយោគៈ បានដល់នូវព្រះនិព្វាន ដែលមិនមានសេចក្តីសៅហ្មង ជាទីក្សេមចាកយោគៈដ៏ប្រសើរបំផុត ទាំងញាណ ជាគ្រឿងឃើញ គឺសព្វញ្ញុតញ្ញាណ ក៏កើតឡើង ដល់តថាគតថា វិមុត្តិរបស់តថាគតមិនរំភើប (ដោយរាគាទិក្កិលេស) នេះជាតិជាទីបំផុត (របស់តថាគត) ឥឡូវនេះ ភពថ្មីទៀត មិនមានឡើយ។
[៥៩] ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ចតុរារិយសច្ចធម៌ ដែលតថាគត បានត្រាស់ដឹងហើយនេះឯង ជាធម៌ជ្រាលជ្រៅ ជាធម៌ដែលសត្វឃើញបានដោយកម្រ ត្រាស់ដឹងបានដោយកម្រ ជាធម៌ស្ងប់ ជាធម៌ឧត្តម ជាធម៌ដែលសត្វមិនគប្បីស្ទង់ប្រមើល ដោយសេចក្តីត្រិះរិះបាន ជាធម៌ល្អិត មានតែអ្នកប្រាជ្ញទើបដឹងបាន ឯពួកសត្វនេះ សុទ្ធតែកំពុងរីករាយ ក្នុងអាល័យ គឺតណ្ហា១០៨ កំពុងត្រេកត្រអាល ក្នុងអាល័យ កំពុងស្រើបស្រាល ក្នុងអាល័យ (ទៅរកកាមទាំងឡាយនៅឡើយ) ក៏បដិច្ចសមុប្បាទធម៌ ដែលជាបច្ច័យ នៃធម៌មានសង្ខារ ជាដើមនេះ ជាហេតុ ដែលសត្វនៅរីករាយ ក្នុងអាល័យ នៅត្រេកត្រអាល ក្នុងអាល័យ នៅស្រើបស្រាល ក្នុងអាល័យ ឃើញបានដោយកម្រ
ID: 636822548991157373
ទៅកាន់ទំព័រ៖