ព្រះត្រៃបិដក ភាគ ២១
តថាគតទេ ក្នុងលោកនេះ ព្រមទាំងទេវលោក ក៏មិនមានបុគ្គលប្រៀបផ្ទឹម នឹងតថាគតបានឡើយ ព្រោះថាតថាគត ជាអរហន្តក្នុងលោក ជាសាស្តាខ្ពស់ផុត ជាអ្នកត្រាស់ដឹងដោយប្រពៃ ចំពោះខ្លួនឯង តថាគត មានសេចក្តីត្រជាក់ មានភ្លើងកិលេសរលត់ហើយ ឥឡូវតថាគត ទៅកាន់ក្រុងនៃពួកជនអ្នកកាសី ដើម្បីនឹងសំដែងធម្មចក្ក (ដោយបំណងថា)តថាគត នឹងទូងស្គរជ័យ នៃអមតនិព្វាន ចំពោះសត្វលោកដែលងងឹត គឺអវិជ្ជាកំពុងគ្របសង្កត់។
ឧបកាជីវកតបថា ម្នាលអាវុសោ អ្នកប្តេជ្ញាខ្លួន យ៉ាងណា អ្នកគួរ (ដើម្បីបាននូវឈ្មោះ) ថា អនន្តជិនៈ (យ៉ាងនោះឯង)។ តថាគត ក៏ពោលគាថា ដូច្នេះទៀត
ជនទាំងឡាយណា បានដល់នូវធម៌ សម្រាប់ធ្វើអាសវៈឲ្យអស់ទៅ ជនទាំងឡាយនោះ ឈ្មោះថា ជិនៈ (អ្នកឈ្នះកិលេស) ប្រាកដដូចជាតថាគតដែរ តថាគត បានឈ្នះបាបធម៌ទាំងឡាយហើយ ម្នាលឧបកៈ ព្រោះហេតុនោះ ទើបតថាគត បានឈ្មោះថា ជិនៈ។
ID: 636822555642647817
ទៅកាន់ទំព័រ៖