ព្រះត្រៃបិដក ភាគ ២១
មានដូចម្តេចបាន (កាលបើគិតដូច្នេះហើយ) សេចក្តីប្រកាន់ ដោយអំណាចតណ្ហា មានះ ទិដ្ឋិ ក្នុងអាបោធាតុជាខាងក្នុងនុ៎ះ របស់ភិក្ខុនោះ មិនមានឡើយ។ ម្នាលអ្នកទាំងឡាយមានអាយុ កាលបើភិក្ខុនោះ រឭកនូវព្រះពុទ្ធយ៉ាងនេះ រឭកនូវព្រះធម៌យ៉ាងនេះ រឭកនូវព្រះសង្ឃយ៉ាងនេះហើយ ទើបឧបេក្ខាដែលអាស្រ័យកុសលតាំងនៅនឹងបាន។ ភិក្ខុនោះ មានចិត្តត្រេកអរ ដោយហេតុនោះ។ ម្នាលអ្នកទាំងឡាយមានអាយុ ភិក្ខុនោះឈ្មោះថា ធ្វើតាមពាក្យប្រដៅ របស់ព្រះមានព្រះភាគរឿយៗហើយ ដោយហេតុមានប្រមាណប៉ុណ្ណេះឯង។
[៨២] ម្នាលអ្នកទាំងឡាយមានអាយុ តេជោធាតុ ដូចម្តេចខ្លះ។ តេជោធាតុខាងក្នុងក៏មាន តេជោធាតុខាងក្រៅក៏មាន។ ម្នាលអ្នកទាំងឡាយមានអាយុ តេជោធាតុខាងក្នុង តើដូចម្តេច។ ធាតុណា ជាខាងក្នុង ដែលអាស្រ័យនូវនឹងខ្លួន ជាភ្លើង ឬមានសភាពប្រហែលនឹងភ្លើង ដែលវិញ្ញាណចូលទៅកាន់យក គឺតេជោធាតុ ដែលញ៉ាំងកាយឲ្យក្តៅសព្វ១ តេជោធាតុ ដែលធ្វើកាយឲ្យគ្រាំគ្រា១ តេជោធាតុ ដែលដុតកាយ ឲ្យក្រហល់ក្រហាយ១ តេជោធាតុ សម្រាប់ដុតភោជន ដែលបុគ្គលស៊ី ផឹក ទំពាស៊ី ជញ្ជក់ជញ្ជាប់ ឲ្យទ្រុឌទ្រោមទៅ ដោយប្រពៃ១
ID: 636822569899693273
ទៅកាន់ទំព័រ៖