ព្រះត្រៃបិដក ភាគ ២១
កុលបុត្រនោះ មិនមានសេចក្តីពេញចិត្ត មិនមានតម្រិះបរិបូណ៌ ដោយលាភសក្ការៈ និងសេចក្តីសរសើរនោះឡើយ។ កុលបុត្រនោះ មិនបានលើកតំកើងខ្លួនឯង មិនបានបន្តុះបង្អាប់អ្នកដទៃ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះទេ។ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវសេចក្តីប្រមាទ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះ លុះមិនប្រមាទហើយ រមែងបាននូវសីលសម្បទា។ កុលបុត្រនោះ មានសេចក្តីពេញចិត្ត ដោយសីលសម្បទានោះ តែថាមិនមានតម្រិះបរិបូណ៌ទេ។ កុលបុត្រនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះសីលសម្បទានោះឡើយ។ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវសេចក្តីប្រមាទ ព្រោះសីលសម្បទានោះ លុះមិនប្រមាទហើយ រមែងបាននូវសមាធិសម្បទា។ កុលបុត្រនោះ មានសេចក្តីពេញចិត្ត មានតម្រិះបរិបូណ៌ ដោយសមាធិសម្បទានោះ។ កុលបុត្រនោះ លើកតំកើងខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះសមាធិសម្បទានោះថា អាត្មាអញ ជាអ្នកមានចិត្តខ្ជាប់ខ្ជួន មានចិត្តប្រព្រឹត្តទៅ ក្នុងអារម្មណ៍តែមួយ ចំណែកភិក្ខុទាំងឡាយដទៃៗនេះ មិនមានចិត្តខ្ជាប់ខ្ជួន មានចិត្តវិលផ្សេងៗ។ កុលបុត្រនោះ តែងស្រវឹង វង្វេង ដល់នូវសេចក្តីប្រមាទ ព្រោះសមាធិសម្បទានោះ លុះប្រមាទហើយ រមែងនៅជាទុក្ខ។
ID: 636822574961402786
ទៅកាន់ទំព័រ៖