ព្រះត្រៃបិដក ភាគ ២១
ចូលទៅរកអរិដ្ឋភិក្ខុមានបុព្វបុរសជាអ្នកសម្លាប់ត្មាតនោះ លុះចូលទៅដល់ហើយ បានសួរដំណើនុ៎ះ នឹងអរិដ្ឋភិក្ខុ មានបុព្វបុរស ជាអ្នកសម្លាប់ត្មាតថា ម្នាលអាវុសោអរិដ្ឋ បានឮថាអ្នកមានទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះកើតឡើងថា អាត្មាអញដឹងច្បាស់នូវធម៌ ដែលព្រះមានព្រះភាគទ្រង់សំដែងហើយ ធម៌ទាំងឡាយណា ដែលព្រះមានព្រះភាគ ទ្រង់សំដែងថា តែងធ្វើនូវសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះ មិនគួរធ្វើនូវសេចក្តីអន្តរាយ ដល់បុគ្គលអ្នកសេពទេ មែនឬ។ ម្នាលអាវុសោទាំងឡាយ ខ្ញុំដឹងច្បាស់នូវធម៌ដែលព្រះមានព្រះភាគទ្រង់សំដែងហើយ ធម៌ទាំងឡាយណា ដែលព្រះមានព្រះភាគទ្រង់សំដែងថា តែងធ្វើនូវសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះ មិនគួរធ្វើនូវសេចក្តីអន្តរាយដល់បុគ្គលអ្នកសេពទេ យ៉ាងហ្នឹងមែន។ គ្រានោះឯង ភិក្ខុទាំងនោះមានប្រាថ្នាដើម្បីធ្វើអរិដ្ឋភិក្ខុមានបុព្វបុរសជាអ្នកសម្លាប់ត្មាត ឲ្យបែរចាកទិដ្ឋិអាក្រក់នោះ ក៏សាកសួរដេញដោល សួររកហេតុថា នែអាវុសោអរិដ្ឋ អ្នកកុំពោលយ៉ាងហ្នឹងឡើយ អ្នកកុំពោលបង្កាច់ព្រះមានព្រះភាគឡើយ ការពោលបង្កាច់ព្រះមានព្រះភាគមិនល្អទេ ព្រោះថាព្រះមានព្រះភាគមិនបានត្រាស់យ៉ាងហ្នឹងឡើយ
ID: 636822514656383536
ទៅកាន់ទំព័រ៖