ព្រះត្រៃបិដក ភាគ ២២
តថាគតពោលថា ម្នាលអ្នកមានអាយុ យើងបានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នេះ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ ដោយហេតុមានប្រមាណប៉ុណ្ណេះដែរ។ អាឡារកាលាមតាបស តបថា នែអ្នកមានអាយុ យើងពេញហៅថា ជាមនុស្សមានលាភ នែអ្នកមានអាយុ អត្តភាពជាមនុស្ស ពេញហៅថា យើងបានដោយល្អ ព្រោះថា យើងបានឃើញនូវព្រហ្មចារីបុគ្គល មានអាយុ ប្រាកដដូចជាអ្នក យើងបានធ្វើឲ្យជាក់ច្បាស់ បានសម្រេចដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌ណា ហើយអាចប្រកាសបាន លោកក៏បានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នោះ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ លោកបានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌ណា ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ យើងក៏បានធ្វើឲ្យជាក់ច្បាស់ បានសម្រេច ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នោះ ហើយអាចប្រកាសបាន យើងដឹងនូវធម៌ណា លោកក៏ដឹងនូវធម៌នោះដែរ លោកដឹងនូវធម៌ណា យើងក៏ដឹងនូវធម៌នោះដែរ យើងជាមនុស្សយ៉ាងណា លោកក៏ជាមនុស្សយ៉ាងនោះដែរ
ID: 636824844563461063
ទៅកាន់ទំព័រ៖