ព្រះត្រៃបិដក ភាគ ២២

លោក​ជា​មនុស្ស​យ៉ាងណា​ ​យើង​ក៏​ជា​មនុស្ស​យ៉ាងនោះ​ដែរ​ ​នែអ្នក​មាន​អាយុ​ ​អ្នក​ចូរ​មក​ក្នុង​កាល​ឥឡូវនេះ​ ​យើង​ទាំងពីរ​រូប​ ​នៅ​រក្សា​គណៈ​នេះ​។​ ​នែ​អគ្គិ​វេស្ស​នៈ​ ​អាឡារ​កាលាម​តាបស​ ​ជា​អាចារ្យ​របស់​តថាគត​ ​តែ​គាត់​តាំង​តថាគត​ ​ដែល​ជា​សិស្ស​ ​ឲ្យ​ត្រឹម​ស្មើនឹង​ខ្លួន​គាត់​ ​ទាំង​បូជា​តថាគត​ ​ដោយ​ការ​បូជា​ដ៏​ក្រៃលែង​ ​ដោយហេតុ​យ៉ាងនេះ​ឯង​។​ ​នែ​អគ្គិ​វេស្ស​នៈ​ ​តថាគត​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ធម៌​នេះ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​នឿយណាយ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រាសចាក​តម្រេក​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​រំលត់​នូវ​រាគា​ទិ​កិលេស​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ស្ងប់​រម្ងាប់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ដឹង​ច្បាស់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ត្រាស់​ដឹង​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ព្រះនិព្វាន​ទេ​ ​ប្រព្រឹត្តទៅ​បាន​ ​ត្រឹមតែ​កើត​ក្នុង​អា​កិ​ញ្ចញ្ញា​យត​នភព​(​១​)​ ​ប៉ុណ្ណោះ​ឯង​។​ ​នែ​អគ្គិ​វេស្ស​នៈ​ ​តថាគត​នោះ​ ​មិន​ពេញចិត្ត​នឹង​ធម៌​នោះ​ ​ហើយ​នឿយណាយ​ ​ចាក​ធម៌​នោះ​ ​ក៏​ដើរចៀស​ចេញទៅ​។​
 [​៥២​]​ ​នែ​អគ្គិ​វេស្ស​នៈ​ ​តថាគត​ ​ស្វែងរក​កឹ​កុសល​ ​ស្វែងរក​សន្តិវរបទ​ ​គឺ​ព្រះនិព្វាន​ ​ជា​គ្រឿង​រម្ងាប់​បង់​ ​នូវ​ភ្លើង​ទុក្ខ​ ​ភ្លើង​កិលេស​ដ៏​ប្រសើរ​ ​ហើយ​ចូល​ទៅ​រក​ឧទ្ទ​ក​រាម​បុត្រ​តាបស​ ​លុះ​ចូល​ទៅដល់​ហើយ
​(​១​)​ ​គ្រាន់តែ​នាំឲ្យ​ទៅ​កើត​ក្នុង​ ​អា​កិ​ញ្ចញ្ញា​យត​នព្រ​ហ្ម​ ​មាន​អាយុ៦០ពាន់​កប្ប​ប៉ុណ្ណោះ​ ​មិន​ប្រព្រឹត្តទៅ​ដល់ទី​ខ្ពស់​ ​គឺ​អរហត្តផល​បាន​ឡើយ​ ​ហើយ​នៅ​មិនទាន់​រួចចាក​ ​ជរា​ ​និង​មរណ​ទេ​ ​នៅ​ជាប់​ក្នុង​អន្ទាក់​របស់​មច្ចុ​មារ​នៅឡើយ​។​ ​អដ្ឋកថា​ ​បាស​រាសិ​សូត្រ​។​
ថយ | ទំព័រទី ១០២ | បន្ទាប់
ID: 636824844983257800
ទៅកាន់ទំព័រ៖