ព្រះត្រៃបិដក ភាគ ២២
នែអគ្គិវេស្សនៈ លំដាប់នោះឯង តថាគត ក៏ចូលទៅរកឧទ្ទករាមបុត្ត លុះចូលទៅដល់ហើយ ក៏ពោលពាក្យនេះ នឹងឧទ្ទករាមបុត្តថា អាវុសោរាមៈ លោកបានធ្វើឲ្យជាក់ច្បាស់ បានសម្រេចដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នេះ ហើយអាចប្រកាសបាន ដោយហេតុមានប៉ុន្មានទៅ។ នែអគ្គិវេស្សនៈ លុះតថាគត ពោលយ៉ាងនេះហើយ ឧទ្ទករាមបុត្ត ក៏ប្រការនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន។ នែអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា រាមបុត្ត មិនមានសទ្ធាទេ ឯអាត្មាអញ ទើបមានសទ្ធា រាមបុត្ត មិនមានវីរិយៈទេ អាត្មាអញ ទើបមានវីរិយៈ រាមបុត្ត មិនមានសតិទេ អាត្មាអញ ទើបមានសតិ រាមបុត្ត មិនមានសមាធិទេ អាត្មាអញ ទើបមានសមាធិ រាមបុត្ត មិនមានបញ្ញាទេ អាត្មាអញ ទើបមានបញ្ញា បើដូច្នោះ រាមបុត្តប្រកាសនូវធម៌ណា អាត្មាអញ បានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ អាត្មាអញ គប្បីតាំងព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌នោះ។ នែអគ្គិវេស្សនៈ តថាគតនោះ ក៏បានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នោះមួយរំពេច មិនយឺតយូរឡើយ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។
ID: 636824845728939110
ទៅកាន់ទំព័រ៖