ព្រះត្រៃបិដក ភាគ ២២
ហេតុនោះ ដូចម្តេច បុរសនោះ កាន់នូវឈើពំនួតភ្លើងខាងលើ មកពួតនឹងកំណាត់ឈើស្រស់ នៅមានជ័រ ដែលដាក់នៅលើគោ ឆ្ងាយអំពីទឹកឯណោះ ហើយគប្បីធ្វើភ្លើងឲ្យកើតឡើង គប្បីធ្វើភ្លើងឲ្យឆេះឡើង បានដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន អំពើនេះ មិនបានទេ ព្រោះហេតុអ្វី បពិត្រព្រះគោតមដ៏ចំរើន ព្រោះថា កំណាត់ឈើស្រស់ឯណោះ ពិតជាដាក់នៅលើគោក ឆ្ងាយអំពីទឹកមែន តែថា នៅមានជ័រ ឯបុរសនោះ គ្រាន់តែជាអ្នកមានចំណែកនៃសេចក្តីលំបាក និងសេចក្តីចង្អៀតចង្អល់ប៉ុណ្ណេះឯង មានឧបមាដូចម្តេចមិញ នែអគ្គិវេស្សនៈ ជនទាំងឡាយណានីមួយ ទោះជាសមណៈក្តី ព្រាហ្មណ៍ក្តី មានកាយចៀសចេញ ចាកវត្ថុកាមទាំងឡាយពិតមែនហើយ តែថាសមណព្រាហ្មណ៍ទាំងនោះ មិនបានលះបង់ មិនបានរម្ងាប់ នូវសេចក្តីប្រាថ្នា ក្នុងកិលេសកាម សេចក្តីស្រឡាញ់ក្នុងកិលេសកាម សេចក្តីជ្រុលជ្រប់ ក្នុងកិលេសកាម សេចក្តីស្រេកឃ្លាន ក្នុងកិលេសកាម សេចក្តីក្តៅក្រហាយ ក្នុងកិលេសកាម ឰដ៏ខាងក្នុង។ បើទុកជាសមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ សោយនូវទុក្ខវេទនាក្លៀវក្លា រឹងរូស ក្រហល់ក្រហាយ ដែលកើតអំពីព្យាយាម ក៏គង់សមណព្រាហ្មណ៍ទាំងនោះ មិនគួរដើម្បីដឹង ដើម្បីឃើញ ដើម្បីត្រាស់ដឹងយ៉ាងប្រសើរឡើយ។ បើទុកជាសមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ
ID: 636824847471940172
ទៅកាន់ទំព័រ៖