ព្រះត្រៃបិដក ភាគ ២២
ម្នាលអនុរុទ្ធទាំងឡាយ ចុះផាសុវិហារធម៌ ជាធម៌វិសេស គឺញាណទស្សនៈ អាចធ្វើខ្លួនឲ្យជាអរិយៈ ក្រៃលែងជាងមនុស្សធម៌ដទៃទៀត ដែលពួកអ្នកបានត្រាស់ដឹងហើយ ដើម្បីកន្លងនូវវិហារធម៌នុ៎ះ ដើម្បីរម្ងាប់នូវវិហារធម៌នុ៎ះ មានដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ផាសុវិហារធម៌នោះ ថ្វីក៏មិនមាន បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ក្នុងទីនេះ យើងខ្ញុំព្រះអង្គ ប្រាថ្នាជាប្រាកដ យើងខ្ញុំព្រះអង្គ បានកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានចូលសញ្ញាវេទយិតនិរោធ អាសវៈទាំងឡាយ របស់ពួកយើងខ្ញុំព្រះអង្គ ក៏អស់ទៅមិនសល់ ព្រោះបានឃើញច្បាស់ ដោយវិបស្សនាបញ្ញា បពិត្រព្រះអង្គដ៏ចំរើន នេះជា ផាសុវិហារធម៌ ជាធម៌វិសេស គឺញាណទស្សនៈ អាចធ្វើខ្លួនឲ្យជាអរិយៈ ដ៏ក្រៃលែងជាងមនុស្សធម៌ដទៃទៀត ដែលពួកយើងខ្ញុំព្រះអង្គ បានត្រាស់ដឹងហើយ ដើម្បីកន្លងនូវវិហារធម៌នុ៎ះ ដើម្បីរម្ងាប់នូវវិហារធម៌នុ៎ះ។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំព្រះអង្គ មិនឃើញច្បាស់ នូវផាសុវិហារធម៌ដទៃ ឲ្យលើសលុបជាង ឲ្យថ្លៃថ្លាជាងផាសុវិហារធម៌នេះទៅទៀតទេ។ ម្នាលអនុរុទ្ធទាំងឡាយ ត្រូវល្អហើយ ម្នាលអនុរុទ្ធទាំងឡាយ ផាសុវិហារធម៌ដទៃ ដែលលើសលុបជាង ថ្លៃថ្លាជាងផាសុវិហារធម៌នុ៎ះទៅទៀត មិនមានទេ។
ID: 636824779968693571
ទៅកាន់ទំព័រ៖