ព្រះត្រៃបិដក ភាគ ២២
ហើយពោលពាក្យយ៉ាងនេះថា ព្រះសមណគោតម មានសម្បុរខ្មៅ។ មនុស្សពួកខ្លះ និយាយយ៉ាងនេះថា ព្រះសមណគោតម មិនខ្មៅទេ ព្រះសមណគោតម សម្បុរសណ្តែកបាយ។ មនុស្សពួកខ្លះ និយាយយ៉ាងនេះថា ព្រះសមណគោតម មិនមែនសម្បុរខ្មៅ មិនមែនសម្បុរសណ្តែកបាយទេ ព្រះសមណគោតម មានសម្បុរស្បែកប្រផែះ។ ម្នាលអគ្គិវេស្សនៈ សម្បុរស្បែក របស់តថាគត បរិសុទ្ធ ផូរផង់ដល់ម្ល៉ោះ ក៏ត្រឡប់ជាអាប់អន់ ព្រោះមានអាហារតិចនោះឯង។
[៦៥] ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា ជនទាំងឡាយណានីមួយ ទោះសមណៈក្តី ព្រាហ្មណ៍ក្តី ក្នុងអតីតកាល បានសោយនូវទុក្ខវេទនា ដ៏ក្លៀវក្លា រឹងរូស ផ្សាខ្លោច ដែលកើតអំពីព្យាយាម មានកំណត់តែត្រឹមប៉ុណ្ណេះ មិនលើសលុបជាងនេះទៅទៀតទេ។ ជនទាំងឡាយណានីមួយ ទោះសមណៈក្តី ព្រាហ្មណ៍ក្តី ក្នុងអនាគតកាល នឹងរងនូវទុក្ខវេទនា ដ៏ក្លៀវក្លា រឹងរូស ផ្សាខ្លោច ដែលកើតអំពីព្យាយាម មានកំណត់តែត្រឹមប៉ុណ្ណេះ មិនលើសលុបជាងនេះទៅទៀតទេ។ ជនទាំងឡាយណានីមួយ ទោះសមណៈក្តី ព្រាហ្មណ៍ក្តី ក្នុងកាលឥឡូវនេះ តែងរងទុក្ខវេទនា ដ៏ក្លៀវក្លា រឹងរូស ផ្សាខ្លោច ដែលកើតអំពីព្យាយាម មានកំណត់តែត្រឹមប៉ុណ្ណេះ
ID: 636824851450747161
ទៅកាន់ទំព័រ៖