ព្រះត្រៃបិដក ភាគ ២២
ចាកអកុសលធម៌ទាំងឡាយ បានដល់នូវបឋមជ្ឈាន ដែលប្រកបដោយ វិតក្កៈ និងវិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងាត់នោះ ក៏សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។ ម្នាលអគ្គិវេស្សនៈ ទុកណាជា សុខវេទនា មានសភាពដូច្នេះ កើតឡើងដល់តថាគត ក៏មិនគ្របសង្កត់ចិត្តរបស់តថាគតបានឡើយ។ លុះតថាគត រម្ងាប់វិតក្កៈ និងវិចារៈហើយ ក៏បានដល់នូវទុតិយជ្ឈាន ជាធម្មជាតកើតមាន ក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា ជាសភាព នៃចិត្តដ៏ខ្ពស់ឯង ឥតមានវិតក្កៈ និងវិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន... ក៏បានដល់នូវតតិយជ្ឈាន... បានដល់នូវចតុត្ថជ្ឈាន ក៏សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។ ម្នាលអគ្គិវេស្សនៈ ទុកណាជា សុខវេទនា មានសភាពដូច្នេះ កើតឡើងដល់តថាគត ក៏មិនគ្របសង្កត់ចិត្តរបស់តថាគតបានឡើយ។ កាលដែលចិត្តរបស់តថាគតខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានទីទួល ពោលគឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ ទៅតាមអារម្មណ៍ (ដោយអំណាចឈានទាំង៤) ដោយប្រការដូច្នេះហើយ តថាគតបង្អោនចិត្តទៅ ដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ។ តថាគតនោះ រលឹកឃើញនូវបុព្វេនិវាសច្រើនប្រការ
ID: 636824852259774583
ទៅកាន់ទំព័រ៖