ព្រះត្រៃបិដក ភាគ ២២
មហាតណ្ហាសង្ខយសូត្រ ទី៨
[៨០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់សម្រេចសម្រាន្តព្រះឥរិយាបថ ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុឈ្មោះសាតិ ជាកូននៃព្រានសំណាញ់ មានទិដ្ឋិអាក្រក់
(១) កើតឡើងយ៉ាងនេះថា វិញ្ញាណនេះ រមែងស្ទុះទៅ អន្ទោលទៅមិនដាច់ មិនក្លាយទៅជាអ្វីដទៃឡើយ
(២) យ៉ាងណា អាត្មាអញ ក៏បានដឹងច្បាស់នូវធម៌ ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ យ៉ាងនោះដែរ។ ពួកភិក្ខុជាច្រើនរូប បានឮដំណឹងថា សាតិភិក្ខុកេវដ្តបុត្ត មានទិដ្ឋិអាក្រក់កើតឡើង យ៉ាងនេះថា វិញ្ញាណនេះ រមែងស្ទុះទៅ អន្ទោលទៅមិនដាច់ មិនក្លាយទៅជាអ្វីដទៃឡើយ យ៉ាងណា អាត្មាអញ ក៏បានដឹងច្បាស់ នូវធម៌ដែលព្រះមានព្រះភាគ សំដែងហើយ យ៉ាងនោះដែរ។
(១) ទិដ្ឋិអាក្រក់នេះ ក្នុងអដ្ឋកថា លោកសំដៅសស្សតទិដ្ឋិ ដែលយល់ថាសត្វទៀង លោកទៀង។ (២) ក្នុងអដ្ឋកថា លោកអធិប្បាយថា ភិក្ខុនោះ ត្រិះរិះថា រូប វេទនា សញ្ញា សង្ខារ ទាំង៤នេះ រលត់ទៅក្នុងភពទាំងពួង ឯវិញ្ញាណនេះ ជាធម្មជាតស្ទុះទៅ អន្ទោលទៅអំពីលោកនេះ ទៅកាន់លោកខាងមុខ មកកាន់លោកនេះវិញដដែល ហេតុនេះ វិញ្ញាណឃើញថានៅតែកើតឡើងតាមធម្មតា គឺមិនរលត់ទៅទេ។
ID: 636824859192924762
ទៅកាន់ទំព័រ៖