ព្រះត្រៃបិដក ភាគ ២២
ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពាក្យអ្នកទាំងឡាយនោះ ត្រូវពិតហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់ច្បាស់នូវធម៌ ដែលតថាគតសំដែងហើយ យ៉ាងនេះ ជាការប្រពៃពិត ម្នាលភិក្ខុទាំងឡាយ ព្រោះតថាគត បានសំដែងហើយ ដោយអនេកបរិយាយថា វិញ្ញាណកើតឡើង ព្រោះអាស្រ័យបច្ច័យ បើវៀរចាកបច្ច័យហើយ ការកើតឡើងនៃវិញ្ញាណ ក៏មិនមាន បើដូច្នោះ សាតិភិក្ខុកេវដ្តបុត្តនេះ ពិតជាពោលបង្កាច់តថាគត ដោយគំនិត ដែលខ្លួនប្រកាន់ខុសផង ឈ្មោះថា គាស់រំលើងនូវខ្លួនផង ឈ្មោះថា ទទួលនូវអកុសលដ៏ច្រើនផង ព្រោះថា ការប្រកាន់ខុស របស់មោឃបុរសនោះ នឹងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលយូរអង្វែង។
[៨៤] ម្នាលភិក្ខុទាំងឡាយ វិញ្ញាណកើតឡើង ព្រោះអាស្រ័យបច្ច័យណាៗ ក៏ដល់នូវកិរិយា រាប់តាមបច្ច័យនោះៗ ដូចវិញ្ញាណកើតឡើង ព្រោះអាស្រ័យភ្នែក និងរូប ដល់នូវកិរិយារាប់ថា ចក្ខុវិញ្ញាណ (ការដឹងដោយសារភ្នែក) វិញ្ញាណកើតឡើង ព្រោះអាស្រ័យត្រចៀក និងសំឡេង ដល់នូវកិរិយារាប់ថា សោតវិញ្ញាណ (ការដឹងដោយសារត្រចៀក) វិញ្ញាណកើតឡើង ព្រោះអាស្រ័យច្រមុះ និងក្លិន ដល់នូវកិរិយារាប់ថា ឃានវិញ្ញាណ
ID: 636824861411414659
ទៅកាន់ទំព័រ៖