ព្រះត្រៃបិដក ភាគ ២២
ក៏ដល់នូវកិរិយារាប់តាមបច្ច័យនោះៗ ដូចជាវិញ្ញាណកើតឡើង ព្រោះអាស្រ័យភ្នែក និងរូប ដល់នូវកិរិយារាប់ថា ចក្ខុវិញ្ញាណ វិញ្ញាណកើតឡើង ព្រោះអាស្រ័យត្រចៀក និងសំឡេង ដល់នូវកិរិយារាប់ថា សោតវិញ្ញាណ វិញ្ញាណកើតឡើង ព្រោះអាស្រ័យច្រមុះ និងក្លិន ដល់នូវកិរិយារាប់ថា ឃានវិញ្ញាណ វិញ្ញាណកើតឡើង ព្រោះអាស្រ័យអណ្តាត និងរស ដល់នូវកិរិយារាប់ថា ជិវ្ហាវិញ្ញាណ វិញ្ញាណកើតឡើង ព្រោះអាស្រ័យកាយ និងរបស់ ដែលប៉ះដោយកាយ ដល់នូវកិរិយារាប់ថា កាយវិញ្ញាណ វិញ្ញាណកើតឡើង ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍ ដល់នូវកិរិយារាប់ថា ជាមនោវិញ្ញាណ យ៉ាងនោះដែរ។
[៨៥] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញនូវខន្ធបញ្ចកៈនេះ ដែលកើតឡើងហើយឬទេ។ ពួកភិក្ខុក្រាបទូលថា ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយឃើញថា ខន្ធបញ្ចកៈនោះ កើតឡើង ព្រោះតែអាហារ ដូច្នោះឬទេ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយឃើញថា ខន្ធបញ្ចកៈនោះ ដែលកើតឡើងហើយ រមែងរលត់ទៅវិញ ជាធម្មតា ព្រោះរលត់អាហារនោះ ដែរឬទេ។ ព្រះករុណាព្រះអង្គ។
ID: 636824861951019607
ទៅកាន់ទំព័រ៖