ព្រះត្រៃបិដក ភាគ ២២
ជាអ្នកវៀរស្រឡះចាកកិរិយាបង្កាច់ បោកប្រាស និងប្រកបក្នុងការបន្លំ ដោយរបស់ក្លែង។ ជាអ្នកវៀរស្រឡះចាកកិរិយាកាត់នូវអវយវៈ សម្លាប់ចាប់ចង ធ្វើឲ្យវង្វេងផ្លូវ ប្លន់ធំ កំហែងយកទ្រព្យ។ ភិក្ខុនោះជាអ្នកសន្តោស ដោយចីវរ ជាគ្រឿងរក្សាកាយ ដោយបិណ្ឌបាត ជាគ្រឿងរក្សាផ្ទៃ បើដើរចេញទៅទីណាៗ ក៏កាន់យក (បរិក្ខារទាំងអស់) ដើរចេញទៅ។ ដូចជាសត្វស្លាប ដែលហើរទៅទីណាៗ ក៏ហើរទៅល្មមតែកំឡាំងស្លាបវា យ៉ាងណាមិញ ភិក្ខុជាអ្នកសន្តោសដោយចីវរ ជាគ្រឿងរក្សាកាយ ដោយបិណ្ឌបាត ជាគ្រឿងរក្សាផ្ទៃ បើដើរចេញទៅទីណាៗ ក៏កាន់យក (បរិក្ខារទាំងអស់) ដើរទៅដូច្នោះដែរ។ ភិក្ខុនោះប្រកបដោយសីលក្ខន្ធដ៏ប្រសើរនេះ ហើយទទួលចំពោះនូវសុខ ដែលមិនប្រកបដោយទោសក្នុងសន្តាន។ ភិក្ខុនោះឃើញរូបដោយភ្នែកហើយ ក៏មិនកួចកាន់នូវនិមិត្ត មិនកួចកាន់នូវអនុព្យញ្ជនៈឡើយ (មួយទៀត) ធម៌ទាំងឡាយ ជាអកុសលដ៏លាមក គឺអភិជ្ឈា និងទោមនស្ស រមែងជាប់តាមនូវភិក្ខុ ព្រោះហេតុមិនសង្រួមឥន្ទ្រិយ គឺចក្ខុណា ភិក្ខុនោះក៏ប្រតិបត្តិ ដើម្បីសង្រួមឥន្ទ្រិយ គឺចក្ខុនោះ រក្សានូវឥន្ទ្រិយគឺចក្ខុ ដល់នូវសេចក្តីសង្រួមក្នុងឥន្ទ្រិយគឺចក្ខុ។
ID: 636824870354648370
ទៅកាន់ទំព័រ៖