ព្រះត្រៃបិដក ភាគ ២២
មហាគោសិង្គសាលសូត្រ ទី២
[៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងព្រៃគោសិង្គសាលវ័ន ជាមួយនឹងព្រះថេរៈជាសាវ័ក សុទ្ធតែមាននាមល្បីល្បាញ ជាច្រើនអង្គ គឺព្រះសារីបុត្រមានអាយុ១ ព្រះមោគ្គល្លានមានអាយុ១ ព្រះមហាកស្សបមានអាយុ១ ព្រះអនុរុទ្ធមានអាយុ១ ព្រះរេវតមានអាយុ១ ព្រះអានន្ទមានអាយុ១ មួយអន្លើនឹងព្រះថេរៈ ជាសាវ័ក ដែលសុទ្ធតែមាននាមល្បីល្បាញឯទៀតផង។ គ្រានោះឯង ព្រះមហាមោគ្គល្លានមានអាយុ ចេញចាកទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលទៅរកព្រះមហាកស្សមានអាយុ លុះចូលទៅដល់ហើយ បាននិយាយនឹងព្រះមហាកស្សបមានអាយុ យ៉ាងនេះថា ម្នាលអាវុសោកស្សប យើងទាំងឡាយ នឹងចូលទៅរកព្រះសារីបុត្ត មានអាយុ ដើម្បីស្តាប់ធម៌។ ព្រះមហាកស្សបមានអាយុ ទទួលស្តាប់ព្រះមហាមោគ្គល្លានមានអាយុថា ករុណា អាវុសោ។
ID: 636824782284069639
ទៅកាន់ទំព័រ៖