ព្រះត្រៃបិដក ភាគ ២២
ភិក្ខុនោះឮសំឡេងដោយត្រចៀក... ធុំក្លិនដោយច្រមុះ... ទទួលរសដោយអណ្តាត... ពាល់ត្រូវផោដ្ឋព្វៈដោយកាយ... ដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្ត ហើយក៏មិនកួចកាន់នូវនិមិត្ត មិនកួចកាន់ នូវអនុព្យញ្ជនៈឡើយ (មួយទៀត) ធម៌ទាំងឡាយ ជាអកុសលដ៏លាមក គឺអភិជ្ឈា និងទោមនស្ស រមែងជាប់តាមនូវភិក្ខុ ព្រោះហេតុមិនសង្រួមឥន្ទ្រិយ គឺចិត្តណា ភិក្ខុនោះប្រតិបត្តិ ដើម្បីសង្រួមនូវឥន្ទ្រិយ គឺចិត្តនោះ រក្សានូវឥន្ទ្រិយគឺចិត្ត ដល់នូវសេចក្តីសង្រួម ក្នុងឥន្ទ្រិយគឺចិត្ត។ ភិក្ខុនោះ ប្រកបដោយឥន្ទ្រិយសំវរៈ ដ៏ប្រសើរនេះ ក៏ទទួលចំពោះនូវសេចក្តីសុខ ដែលមិនច្រឡំដោយកិលេសក្នុងសន្តាន។ ភិក្ខុនោះធ្វើនូវសេចក្តីដឹងខ្លួន ក្នុងការឈានទៅមុខ និងការឈានថយក្រោយ ជាអ្នកធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយាក្រឡេកមើលទៅមុខ និងក្រឡេកមើលមកខាងក្រោយ ជាអ្នកធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយាបត់អវយវៈ និងលាតនូវអវយវៈ ជាអ្នកធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយាទ្រទ្រង់សង្ឃាដិ បាត្រ ចីវរ ជាអ្នកធ្វើសេចក្តីដឹងខ្លួន ក្នុងការស៊ី ផឹក ទំពា ទទួលរស
ID: 636824870621252838
ទៅកាន់ទំព័រ៖