ព្រះត្រៃបិដក ភាគ ២២

 [​១០១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កិច្ច​ដែល​ត្រូវ​ធ្វើ​តទៅទៀត​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សិក្សា​យ៉ាងនេះ​ថា​ ​កាយ​សមា​ចា​រៈ​ ​របស់​ពួក​យើង​ ​នឹង​បរិសុទ្ធ​ខ្ពង់ខ្ពស់​ ​មិន​រយីករយាក​ ​មិន​ធ្លុះធ្លាយ​ ​សង្រួម​ល្អ​ ​ប៉ុន្តែ​ពួក​យើង​នឹង​កុំ​លើ​ក​តំ​កើង​ខ្លួនឯង​ ​កុំ​បន្តុះ​បង្អាប់​អ្នកដទៃ​ ​ព្រោះ​កាយ​សមា​ចា​រៈ​បរិសុទ្ធ​នោះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អ្នក​ទាំងឡាយ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ពួក​យើង​ជា​អ្នក​ប្រកបដោយ​ហិរិ​ ​និង​ឱត្តប្បៈ​ ​កាយ​សមា​ចា​រៈ​ ​របស់​ពួក​យើង​ ​បរិសុទ្ធ​ហើយ​ ​កិច្ច​ដែល​ពួក​យើង​ត្រូវ​ធ្វើ​ ​ក៏​ល្មម​ត្រឹម​ប៉ុណ្ណេះ​ហើយ​ ​ទាំង​ប្រយោជន៍​របស់​សមណៈ​ ​យើង​ទាំងឡាយ​ ​ក៏បាន​ដល់ហើយ​ ​ដោយហេតុ​ត្រឹម​ប៉ុណ្ណេះ​ ​កិច្ច​បន្តិចបន្តួច​ ​ដែល​ត្រូវ​ធ្វើ​តទៅទៀត​ ​របស់​ពួក​យើង​ ​មិន​មាន​ឡើយ​ ​លុះ​គិត​ដូច្នេះហើយ​ ​អ្នក​ទាំងឡាយ​គប្បី​ដល់​នូវ​សេចក្តី​ត្រេកអរ​ ​ដោយហេតុ​ប៉ុណ្ណេះ​ពុំខាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ប្រាប់​អ្នក​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​បំភ្លឺ​អ្នក​ទាំងឡាយ​ ​កាលបើ​អ្នក​ទាំងឡាយ​ ​ត្រូវការ​ដោយ​ភាពជា​សមណៈ​ហើយ​ ​ត្រូវ​កុំ​លះបង់​នូវ​ប្រយោជន៍​ ​ជា​របស់​សមណៈ​ឡើយ​ ​ព្រោះ​កិច្ច​ដែល​ត្រូវ​ធ្វើ​តទៅ​ ​នៅ​មាន​ទៀត​។​
ថយ | ទំព័រទី ១៩៨ | បន្ទាប់
ID: 636824873037541082
ទៅកាន់ទំព័រ៖