ព្រះត្រៃបិដក ភាគ ២២
គ្រានោះឯង ព្រះមហាមោគ្គល្លានមានអាយុ ព្រះមហាកស្សបមានអាយុ និងព្រះអនុរុទ្ធមានអាយុ ក៏ចូលទៅរកព្រះសារីបុត្រមានអាយុ ដើម្បីស្តាប់ធម៌។ ព្រះអានន្ទមានអាយុ បានឃើញព្រះមហាមោគ្គល្លានមានអាយុ ព្រះមហាកស្សបមានអាយុ និងព្រះអនុរុទ្ធមានអាយុ កំពុងដើរចូលទៅរកព្រះសារីបុត្រមានអាយុ ដើម្បីស្តាប់ធម៌ លុះឃើញហើយ ក៏ចូលទៅរកព្រះរេវតមានអាយុ លុះចូលទៅដល់ហើយ ក៏និយាយនឹងព្រះរេវតមានអាយុ យ៉ាងនេះថា ម្នាលអាវុសោរេវត ពួកលោកជាសប្បុរសឯណោះ កំពុងចូលទៅរកព្រះសារីបុត្រមានអាយុ ដើម្បីស្តាប់ធម៌ ម្នាលអាវុសោរេវត មក យើងនឹងចូលទៅរកព្រះសារីបុត្រមានអាយុ ដើម្បីស្តាប់ធម៌។ ព្រះរេវតមានអាយុ ទទួលស្តាប់ព្រះអានន្ទមានអាយុថា ករុណា អាវុសោ។ គ្រានោះឯង ព្រះរេវតមានអាយុ និងព្រះអានន្ទមានអាយុ ក៏ចូលទៅរកព្រះសារីបុត្រមានអាយុ ដើម្បីស្តាប់ធម៌។
ID: 636824782530706072
ទៅកាន់ទំព័រ៖