ព្រះត្រៃបិដក ភាគ ២២
មនោសមាចារៈបរិសុទ្ធហើយ អាជីវៈបរិសុទ្ធហើយ ពួកយើងជាអ្នកមានទ្វារគ្រប់គ្រង ក្នុងឥន្ទ្រិយទាំងឡាយហើយ ពួកយើងជាអ្នកដឹងប្រមាណក្នុងភោជន ជាអ្នកប្រកបរឿយៗ ក្នុងកិរិយាភ្ញាក់រលឹក កិច្ចដែលត្រូវធ្វើ ល្មមដោយហេតុត្រឹមប៉ុណ្ណេះហើយ ប្រយោជន៍របស់សមណៈ ពួកយើងក៏បានដល់ ដោយហេតុត្រឹមប៉ុណ្ណេះហើយ កិច្ចបន្តិចបន្តួចត្រូវធ្វើតទៅទៀត របស់ពួកយើង មិនមានឡើយ ដូច្នេះហើយ អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីត្រេកអរ ដោយហេតុប៉ុណ្ណេះពុំខាន ម្នាលភិក្ខុទាំងឡាយ តថាគត ប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគតបំភ្លឺអ្នកទាំងឡាយ កាលបើអ្នកទាំងឡាយ ត្រូវការដោយភាពជាសមណៈហើយ អ្នកទាំងឡាយ កុំលះបង់នូវប្រយោជន៍ ជារបស់សមណៈឡើយ ព្រោះកិច្ចដែលត្រូវធ្វើតទៅ នៅមានទៀត។
[១០៨] ម្នាលភិក្ខុទាំងឡាយ កិច្ចដែលត្រូវធ្វើតទៅទៀត ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា ពួកយើងនឹងជាអ្នកប្រកបដោយសតិ និងសម្បជញ្ញៈ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយាឈានទៅមុខ និងឈានថយក្រោយ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយាក្រឡេកមើលទៅមុខ និងក្រឡេកមើលមកក្រោយ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងការបត់អវយវៈ និងលាតអវយវៈ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយាទ្រទ្រង់សង្ឃាដិ
ID: 636824875629027634
ទៅកាន់ទំព័រ៖