ព្រះត្រៃបិដក ភាគ ២២
ម្នាលភិក្ខុទាំងឡាយ ភិក្ខុរលឹកបាននូវខន្ធ ដែលធ្លាប់អាស្រ័យនៅមកពីមុនជាច្រើន ដូចម្តេច គឺរលឹកបាន១ជាតិខ្លះ ២ជាតិខ្លះ។បេ។ រលឹកនូវខន្ធ ដែលធ្លាប់អាស្រ័យនៅអំពីមុនជាច្រើន ព្រមទាំងអាការៈ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ យ៉ាងនោះឯង។
[១១៦] កាលបើចិត្តខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រដោយអារម្មណ៍ យ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បីសត្តចុតូបបាតញ្ញាណ។ ភិក្ខុនោះ មានចក្ខុជាទិព្វដ៏បរិសុទ្ធ កន្លងចក្ខុរបស់មនុស្សជាធម្មតា រមែងឃើញនូវសត្វទាំងឡាយ កំពុងច្យុត កំពុងកើតឡើង ជាសត្វថោកទាប ឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់។បេ។ ដឹងច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន។ ម្នាលភិក្ខុទាំងឡាយ ដូចជាផ្ទះពីរខ្នង មានទ្វារទល់មុខគ្នា បុរសដែលមានចក្ខុឈរនៅត្រង់កណ្តាលផ្ទះនោះ រមែងឃើញនូវពួកមនុស្ស កំពុងចូលទៅកាន់ផ្ទះខ្លះ ចេញពីផ្ទះខ្លះ ដើរទៅមកខ្លះ ដើរហែៗគ្នាខ្លះ ដើរប្រទាក់គ្នាខ្លះ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងនូវចក្ខុជារបស់មនុស្សធម្មតា រមែងឃើញនូវសត្វទាំងឡាយ កំពុងច្យុត កំពុងកើតឡើង
ID: 636824879056051654
ទៅកាន់ទំព័រ៖