ព្រះត្រៃបិដក ភាគ ២២

ញាណ​ក៏​កើតឡើង​ថា​ ​ចិត្ត​របស់​អាត្មាអញ​ ​ផុត​ស្រឡះ​ហើយ​ ​ដឹង​ច្បាស់​ថា​ ​កំណើត​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយៈ​ ​អាត្មាអញ​ ​បាន​ប្រព្រឹត្ត​ហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ក៏បាន​ធ្វើ​ស្រេចហើយ​ ​កិច្ច​ដទៃ​ប្រព្រឹត្តទៅ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​អន្លង់​ទឹក​លើកំពូល​ភ្នំ​ ​ដែល​ថ្លា​ស្អាត​ ​ឥតមាន​កករ​ល្អក់​ ​បុរស​ម្នាក់​មាន​ចក្ខុ​ ​ឈរ​ទៀប​ឆ្នេរ​ ​គប្បី​មើលឃើញ​នូវ​ខ្យង​ ​និង​គ្រំ​ខ្លះ​ ​ដុំ​ក្រួស​ ​និង​ដុំ​ថ្ម​ខ្លះ​ ​នូវ​ហ្វូង​ត្រី​ ​ដែល​កំពុង​សំកាំង​ខ្លះ​ ​ហែល​ទៅមក​ខ្លះ​ ​ក្នុង​អន្លង់​ទឹក​នោះ​។​ ​បុរស​នោះ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​អន្លង់​ទឹក​នេះឯង​ ​ថ្លា​ស្អាត​ ​ឥតមាន​កករ​ល្អក់​ ​ខ្យង​ ​និង​គ្រំ​ទាំងនេះ​ក្តី​ ​ដុំ​ក្រួស​ ​និង​ដុំ​ថ្ម​ទាំងនេះ​ក្តី​ ​ហ្វូង​ត្រី​ទាំងនេះ​ ​កំពុង​សំកាំង​ខ្លះ​ ​ហែល​ទៅមក​ខ្លះ​ក្តី​ ​ក្នុង​អន្លង់​ទឹក​នោះ​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​ទុក្ខ​។​បេ​។​ ​ដឹង​ច្បាស់​ថា​ ​កិច្ច​ដទៃ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៅទៀត​ ​មិន​មាន​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​
ថយ | ទំព័រទី ២២០ | បន្ទាប់
ID: 636824879644328687
ទៅកាន់ទំព័រ៖