ព្រះត្រៃបិដក ភាគ ២២
[១២] កាលបើព្រះរេវតមានអាយុ និយាយយ៉ាងនេះហើយ ព្រះសារីបុត្រមានអាយុ បាននិយាយនឹងព្រះអនុរុទ្ធមានអាយុ យ៉ាងនេះថា ម្នាលអាវុសោអនុរុទ្ធ រេវតមានអាយុ បានព្យាករនូវបដិភាន ជារបស់ខ្លួនហើយ ឥឡូវនេះ យើងនឹងសួរអនុរុទ្ធមានអាយុ ក្នុងសេចក្តីនោះថា ម្នាលអាវុសោអនុរុទ្ធ ព្រៃគោសិង្គសាលវ័ន គួររីករាយ រាត្រីក៏ប្រាសចាកទោស ឈើទាំងឡាយ ក៏មានផ្ការីកស្គុសស្គាយ សព្វកន្លែង មានក្លិនក្រអូប ដូចជាក្លិនទិព្វ ផ្សព្វផ្សាយទៅ ម្នាលអាវុសោអនុរុទ្ធ ព្រៃគោសិង្គសាលវ័ន រុងរឿងបាន ដោយសារភិក្ខុរូបណា។ ម្នាលអាវុសោសារីបុត្រ ភិក្ខុក្នុងសាសនានេះ មើលឃើញលោកធាតុទាំងមួយពាន់ ដោយចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងនូវចក្ខុជារបស់មនុស្ស ម្នាលអាវុសោសារីបុត្រ ដូចជាបុរសមានចក្ខុ នៅលើប្រាសាទដ៏ប្រសើរ មើលឃើញមណ្ឌលខ្នងកង់មួយពាន់ ម្នាលអាវុសោសារីបុត្រ ភិក្ខុមើលឃើញលោកធាតុទាំងមួយពាន់ ដោយចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងនូវចក្ខុរបស់មនុស្ស ក៏យ៉ាងនោះដែរ ម្នាលអាវុសោ សារីបុត្រ ព្រៃគោសិង្គសាលវ័ន រុងរឿងបានដោយសារភិក្ខុរូបនេះឯង។
ID: 636824783591819936
ទៅកាន់ទំព័រ៖