ព្រះត្រៃបិដក ភាគ ២២
ពួកខ្លះអង្គុយស្ងៀម ក្នុងទីដ៏សមគួរ។ កាលព្រាហ្មណ៍ និងគហបតី អ្នកស្រុកសាលៈ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលសួរពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ហេតុដូចម្តេច បច្ច័យដូចម្តេច បានជាសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ទំលាយរាងកាយខាងមុខ បន្ទាប់អំពីមរណៈ ទៅកើតក្នុងអបាយ (ទីមិនមានសេចក្តីចំរើន គឺតិរច្ឆានកំណើត) ទុគ្គតិ (ដំណើរដែលផ្អែកនឹងទុក្ខ គឺអសុរកាយ) វិនិបាត (ទីសម្រាប់ទំលាក់នូវបុគ្គលធ្វើអំពើអាក្រក់ គឺប្រេតវិស័យ) និរយៈ (ទីមិនមានសេចក្តីសប្បាយ គឺនរក) បពិត្រព្រះគោតមដ៏ចំរើន ហេតុដូចម្តេច បច្ច័យដូចម្តេច បានជាសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ទំលាយរាងកាយខាងមុខ បន្ទាប់អំពីមរណៈ ទៅកើតក្នុងមនុស្ស សុគតិ សួគ៌ ទេវលោក។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលគហបតីទាំងឡាយ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ទំលាយរាងកាយខាងមុខ បន្ទាប់អំពីមរណៈ ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត និរក ព្រោះហេតុតែកិរិយាប្រព្រឹត្តមិនស្មើ ពោលគឺមិនប្រព្រឹត្តតាមធម៌ យ៉ាងនេះឯង ម្នាលគហបតីទាំងឡាយ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ទំលាយរាងកាយខាងមុខ បន្ទាប់អំពីមរណៈ ទៅកើតក្នុងលោក គឺមនុស្សសុគតិ ឋានសួគ៌ ព្រោះហេតុតែកិរិយាប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌យ៉ាងនេះឯង។
ID: 636824909898829833
ទៅកាន់ទំព័រ៖