ព្រះត្រៃបិដក ភាគ ២២

ដែល​ប្រកបដោយ​អាជ្ញា​(​១​)​ ​ដោយហោចទៅ​ ​សូម្បីតែ​ស្ត្រី​ ​ដែល​បុរស​បំពាក់​កម្រងផ្កា​ឲ្យ​(​២​)​ ​ជា​អ្នក​ដល់​នូវ​ការប្រព្រឹត្តិ​កន្លង​ ​ក្នុង​ស្ត្រី​ទាំងឡាយ​ ​មាន​សភាព​ដូច្នោះ​។​ ​ម្នាល​គហបតិ​ទាំងឡាយ​ ​កិរិយា​ប្រព្រឹត្ត​មិន​ស្មើ​ ​ពោល​គឺ​មិន​ប្រព្រឹត្ត​តាម​ធម៌​ ​ដោយ​កាយ​មាន៣ប្រការ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​គហបតិ​ទាំងឡាយ​ ​កិរិយា​ប្រព្រឹត្តិ​មិន​ស្មើ​ ​ពោល​គឺ​មិន​ប្រព្រឹត្តិ​តាម​ធម៌​ ​ដោយ​វាចា​មាន៤ប្រការ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​គហបតិ​ទាំងឡាយ​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកពោល​ពាក្យ​កុហក​ ​ទោះបី​ឋិតនៅ​ក្នុង​រោង​ក្តី​ ​ឋិតនៅ​ក្នុង​បរិស័ទ​ក្តី​ ​ឋិតនៅ​ក្នុង​កណ្តាល​ញាតិ​ក្តី​ ​ឋិតនៅ​កណ្តាល​សេនីយ​ក្តី​ ​ឋិតនៅ​កណ្តាល​រាជត្រកូល​ក្តី​ ​គេ​នាំទៅ​ធ្វើជា​សាក្សី​ ​ហើយ​សួរ​ថា​ ​នែ​បុរស​ដ៏​ចំរើន​ ​ចូរ​អ្នក​មកនេះ​ ​បើ​អ្នកដឹង​ហេតុ​ណា​ ​ចូរ​និយាយ​ហេតុ​នោះ​។​ ​បុរស​នោះ​ ​កាល​មិនដឹង​ ​និយាយ​ថា​ ​ខ្ញុំ​ដឹង​ ​ឬកាល​ដឹង​ ​និយាយ​ថា​ ​ខ្ញុំ​មិនដឹង​ ​កាល​មិនឃើញ​ ​និយាយ​ថា​ ​ខ្ញុំ​ឃើញ​ ​ឬកាល​ឃើញ​ ​និយាយ​ថា​ ​ខ្ញុំ​មិនឃើញ​។​ ​
​(​១​)​ ​ស្ត្រី​ដែល​ប្រកបដោយ​អាជ្ញា​នោះ​ ​គឺ​បាន​ដល់​ស្ត្រី​ ​ដែល​ស្តេច​ដាក់​អាជ្ញា​ចំពោះ​ឈ្មោះ​ ​ឬ​ចំពោះ​ផ្ទះ​ ​ឬ​ចំពោះ​ថ្នល់​ថា​ ​បុរស​ណា​ហ៊ាន​ប្រព្រឹត្ត​នឹង​ស្រ្តី​ឈ្មោះ​នេះ​ ​នឹង​ត្រូវ​ពិន័យ​ប៉ុណ្ណេះ​។​ ​(​២​)​ ​ស្ត្រី​ដែល​បុរស​បំពាក់​កម្រងផ្កា​ឲ្យ​នោះ​ ​បាន​ដល់​ស្ត្រី​ដែល​បុរស​នីមួយ​បោះ​ភួងផ្កា​ទៅលើ​ស្ត្រី​នោះ​ ​បើ​ជាប់​ក៏​កំណត់​ថា​ ​ស្ត្រី​នេះ​ ​ជា​ភរិយា​របស់​ខ្លួន​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២៤៣ | បន្ទាប់
ID: 636824910963219703
ទៅកាន់ទំព័រ៖