ព្រះត្រៃបិដក ភាគ ២២
កិរិយាប្រព្រឹត្តមិនស្មើ ពោលគឺមិនប្រព្រឹត្តតាមធម៌ ដោយវាចា មាន៤ប្រការដូច្នេះឯង។ ម្នាលគហបតិទាំងឡាយ កិរិយាប្រព្រឹត្តមិនស្មើ ពោលគឺមិនប្រព្រឹត្តតាមធម៌ ដោយចិត្តមាន៣ប្រការ តើដូចម្តេចខ្លះ។ ម្នាលគហបតិទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ច្រើនដោយអភិជ្ឈា គយគន់នូវគ្រឿងឧបករណ៍ ដែលជាសម្បត្តិ នៃបុគ្គលដទៃ ដោយគិតថា ឱហ្ន៎ គ្រឿងឧបករណ៍ ដែលជាសម្បត្តិនៃបុគ្គលដទៃណា គ្រឿងឧបករណ៍នោះ គប្បីបានមកអាត្មាអញ។ មួយទៀត ជាអ្នកមានចិត្តព្យាបាទ មានតម្រិះក្នុងចិត្ត ដែលទោសប្រទូស្តហើយថា សត្វទាំងឡាយ ចូរលំបាកខ្លះ ចូរស្លាប់ខ្លះ ចូរវិនាសសាបសូន្យទៅខ្លះ ដែលថាមិនវិនាស កុំឲ្យមានឡើយ។ មួយវិញទៀត ជាអ្នកមានគំនិតយល់ខុស ឃើញនូវសេចក្តីវិបរិតថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំមិនមានផល ការបូជាតូច ក៏មិនមានផល ផលវិបាក នៃកុសលាកុសលកម្ម ដែលសត្វធ្វើល្អ និងអាក្រក់ មិនមាន លោកនេះមិនមាន លោកខាងមុខ មិនមាន មាតាមិនមានគុណ បិតាមិនមានគុណ សត្វទាំងឡាយ ជាឱបបាតិកៈ មិនមាន ពួកសមណព្រាហ្មណ៍ក្នុងលោក ជាអ្នកព្រមព្រៀងគ្នា ប្រតិបត្តិដោយត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់ ដោយខ្លួនឯង នូវលោកនេះ និងលោកខាងមុខ ហើយសំដែង ក៏មិនមាន។
ID: 636824911542780722
ទៅកាន់ទំព័រ៖