ព្រះត្រៃបិដក ភាគ ២២
ដោយការបង្អោនចិត្តទៅថា វត្ថុនោះ គប្បីបានមកជារបស់អញ។ បុគ្គលមានចិត្តព្យាបាទ ជាអ្នកមានសេចក្តីត្រិះរិះ ដោយចិត្តដែលទោសប្រទូស្តហើយថា សត្វទាំងនេះ ចូរវិនាសទៅឬ។បេ។ ដែលមិនវិនាសកុំបីមានឡើយ។ បុគ្គលជាមិច្ឆាទិដ្ឋិ មានសេចក្តីឃើញវិបរិតថា ទានដែលបុគ្គលឲ្យ មិនមានផល បូជាធំមិនមានផល បូជាតូច មិនមានផល។បេ។ ប្រកាសឲ្យជាក់ច្បាស់។ ម្នាលគហបតិទាំងឡាយ បុគ្គលប្រព្រឹត្តមិនត្រូវគន្លងធម៌ ប្រព្រឹត្តមិនស្មើខាងចិត្ត ៣ចំណែក យ៉ាងនេះឯង។ ម្នាលគហបតិទាំងឡាយ ព្រោះហេតុតែការប្រព្រឹត្តមិនស្មើ គឺប្រព្រឹត្តមិនត្រូវគន្លងធម៌ បានជាពួកសត្វខ្លះ ក្នុងលោកនេះ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ ទៅកើតក្នុងកំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ និងនរក យ៉ាងនេះ។
[១៣០] ម្នាលគហបតិទាំងឡាយ ចំណែកខាងបុគ្គលអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើខាងកាយ ៣ចំណែក បុគ្គលអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ខាងវាចា ៤ចំណែក បុគ្គលអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើខាងចិត្ត ៣ចំណែក ដូចគ្នាដែរ។ ម្នាលគហបតិទាំងឡាយ ចុះបុគ្គលប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ខាងកាយ ៣ចំណែក តើដូចម្តេច។ ម្នាលគហបតិទាំងឡាយ
ID: 636824915431887554
ទៅកាន់ទំព័រ៖