ព្រះត្រៃបិដក ភាគ ២២
ម្នាលគហបតិទាំងឡាយ បុគ្គលប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ខាងចិត្ត ៣ចំណែក យ៉ាងនេះឯង។ ម្នាលគហបតីទាំងឡាយ ព្រោះសេចក្តីប្រព្រឹត្តស្មើ គឺប្រព្រឹត្តធម៌ ជាហេតុយ៉ាងនេះឯង បានជាពួកសត្វខ្លះ ក្នុងលោកនេះ ដល់បែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក យ៉ាងនេះ។
[១៣១] ម្នាលគហបតិទាំងឡាយ បុគ្គលអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ប្រសិនបើប្រាថ្នាថា ឱហ្ន៎ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ទៅ សូមឲ្យអាត្មាអញបានទៅកើតជាមួយនឹងពួកខត្តិយមហាសាលដូច្នេះ ហេតុនុ៎ះឯង រមែងមាន បុគ្គលនោះ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ទៅ មុខជានឹងបានទៅកើតជាមួយនឹងពួកខត្តិយមហាសាលបានមែន ដំណើរនោះ តើព្រោះហេតុអ្វី ព្រោះតែបុគ្គលនោះ ជាអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ដោយពិត។ ម្នាលគហបតិទាំងឡាយ បុគ្គលអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ បើប្រសិនជាប្រាថ្នាថា ឱហ្ន៎ លុះបែកធ្លាយរាងកាយខាងមុខ អំពីសេចក្តីស្លាប់ទៅ សូមឲ្យអាត្មាអញ បានទៅកើតជាមួយនឹងពួកព្រាហ្មណមហាសាល។បេ។ ពួកគហបតីមហាសាល ដូច្នេះ ហេតុនុ៎ះឯង រមែងមាន បុគ្គលនោះ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ទៅ មុខជានឹងបានទៅកើតជាមួយនឹងពួកគហបតិមហាសាល
ID: 636824916210016920
ទៅកាន់ទំព័រ៖