ព្រះត្រៃបិដក ភាគ ២២
ម្នាលអាវុសោមោគ្គល្លាន ភិក្ខុញុំាងចិត្តឲ្យប្រព្រឹត្តទៅ ក្នុងអំណាចខ្លួនផង ភិក្ខុមិនបានប្រព្រឹត្តទៅ តាមអំណាចរបស់ចិត្តផង ភិក្ខុនោះ ប្រាថ្នាដើម្បីនៅអស់បុព្វណ្ហសម័យ ដោយវិហារសមាបត្តិណា ក៏នៅអស់បុព្វណ្ហសម័យ ដោយវិហារសមាបត្តិនោះបាន បើប្រាថ្នាដើម្បីនៅអស់មជ្ឈន្តិកសម័យ ដោយវិហារសមាបត្តិណា ក៏នៅអស់មជ្ឈន្តិកសម័យ ដោយវិហារសមាបត្តិនោះបាន បើប្រាថ្នាដើម្បីនៅអស់សាយណ្ហសម័យ ដោយវិហារសមាបត្តិណា ក៏នៅអស់សាយណ្ហសម័យ ដោយវិហារសមាបត្តិនោះបាន ក៏យ៉ាងនោះដែរ ម្នាលអាវុសោ មោគ្គល្លាន ព្រៃគោសិង្គសាលវ័ន រុងរឿងដោយសារភិក្ខុរូបនេះឯង។
[១៦] លំដាប់នោះឯង ព្រះសារីបុត្រមានអាយុ បាននិយាយនឹងព្រះថេរៈមានអាយុទាំងនោះ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ពួកយើងទាំងអស់គ្នា បានព្យាករបដិភាន តាមសមគួរដល់ខ្លួនហើយ ម្នាលអាវុសោទាំងឡាយ មក យើងនឹងចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ នឹងក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ បើព្រះមានព្រះភាគ នឹងព្យាករដល់យើង យ៉ាងណា យើងនឹងចាំទុក នូវសេចក្តីនោះ យ៉ាងនោះ។ ព្រះថេរៈមានអាយុទាំងនោះ
ID: 636824785183500732
ទៅកាន់ទំព័រ៖