ព្រះត្រៃបិដក ភាគ ២២
ធម្មជាត ដែលទទួលអារម្មណ៍ជាសុខ ដ៏ឆ្ងាញ់ ប្រព្រឹត្តទៅក្នុងកាយ ឬប្រព្រឹត្តទៅក្នុងចិត្ត នេះហៅថា សុខវេទនា ម្នាលអាវុសោវិសាខៈ ធម្មជាត ដែលទទួលអារម្មណ៍ជាទុក្ខ មិនឆ្ងាញ់ ប្រព្រឹត្តទៅក្នុងកាយ ឬប្រព្រឹត្តទៅក្នុងចិត្ត នេះហៅថា ទុក្ខវេទនា ម្នាលអាវុសោវិសាខៈ ធម្មជាត ដែលទទួលអារម្មណ៍ ដែលឆ្ងាញ់ ក៏មិនមែន មិនឆ្ងាញ់ ក៏មិនមែន ប្រព្រឹត្តទៅក្នុងកាយ ឬប្រព្រឹត្តទៅក្នុងចិត្ត នេះហៅថា អទុក្ខមសុខវេទនា។ បពិត្រព្រះនាងជាម្ចាស់ ចុះសុខវេទនា មានអ្វីជាសុខ មានអ្វីជាទុក្ខ។ ម្នាលអាវុសោវិសាខ សុខវេទនា មានកិរិយាឋិតនៅដដែលជាសុខ មានការប្រែប្រួលទៅវិញ ជាទុក្ខ ទុក្ខវេទនា មានកិរិយានៅជាទុក្ខ មានកិរិយាប្រែប្រួលទៅវិញជាសុខ ឯអទុក្ខមសុខវេទនា មានការដឹងច្បាស់ជាសុខ មានការមិនដឹងជាទុក្ខ។ បពិត្រព្រះនាងជាម្ចាស់ ចុះអនុស័យអ្វី ដេកសម្ងំនៅក្នុងសុខវេទនា អនុស័យអ្វី ដេកសម្ងំនៅក្នុងទុក្ខវេទនា អនុស័យអ្វី ដេកសម្ងំនៅក្នុងអទុក្ខមសុខវេទនា។ ម្នាលអាវុសោវិសាខៈ រាគានុស័យ ដេកសម្ងំនៅក្នុងសុខវេទនា បដិឃានុស័យ ដេកសម្ងំនៅក្នុងទុក្ខវេទនា អវិជ្ជានុស័យ ដេកសម្ងំនៅក្នុងអទុក្ខមសុខវេទនា។ បពិត្រព្រះនាងជាម្ចាស់
ID: 636824928640802757
ទៅកាន់ទំព័រ៖