ព្រះត្រៃបិដក ភាគ ២២
ទាំងឡាយ មានសមណព្រាហ្មណ៍ពួកខ្លះ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ទោសក្នុងកាមទាំងឡាយមិនមាន បានជាអ្នកទាំងនោះ ដល់នូវសេចក្តីស្រួលចិត្ត ក្នុងកាមទាំងឡាយ។ សមណព្រាហ្មណ៍ទាំងនោះ ក៏ឲ្យនាងបរិព្វាជិកាទាំងឡាយ ដែលមានផ្នួងសក់បួងហើយ បម្រើខ្លួន អ្នកទាំងនោះ ពោលយ៉ាងនេះថា ចុះហេតុអ្វី បានជាសមណព្រាហ្មណ៍ ដ៏ចំរើនអម្បាលនោះ ពិចារណាឃើញអនាគតភ័យ ក្នុងកាមទាំងឡាយ ហើយពោលនូវការលះបង់ នូវកាមទាំងឡាយ បញ្ញត្ត នូវការកន្លងកាមទាំងឡាយ ដ្បិតថាសម្ផស្សកំភួនដៃ របស់នាងបរិព្វាជិកាជំទង់ ប្រកបដោយរោមទន់នេះ ជាសុខម្ល៉េះ សមណព្រាហ្មណ៍ទាំងនោះ ក៏ដល់នូវសេចក្តីស្រួលចិត្ត ក្នុងកាមទាំងឡាយ។ សមណព្រាហ្មណ៍ទាំងនោះ ដល់នូវសេចក្តីស្រួលចិត្ត ក្នុងកាមទាំងឡាយ លុះទម្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ តែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ សមណព្រាហ្មណ៍ទាំងនោះ រងនូវទុក្ខវេទនាដ៏ក្លាខ្លាំង ខ្លោចផ្សា ក្នុងអបាយនោះ ទើបអ្នកទាំងនោះ ពោលយ៉ាងនេះថា ឱ នេះហើយតើ បានជាសមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ ពិចារណាឃើញ អនាគតភ័យ ក្នុងកាមទាំងឡាយ ហើយពោល នូវការលះបង់ នូវកាមទាំងឡាយ បញ្ញត្តនូវការកន្លងកាមទាំងឡាយ
ID: 636824930803912557
ទៅកាន់ទំព័រ៖