ព្រះត្រៃបិដក ភាគ ២២
ឥឡូវ យើងទាំងនេះ ក៏រងទុក្ខវេទនា ដ៏ក្លាខ្លាំង ខ្លោចផ្សា ព្រោះមានកាម ជាហេតុ មានកាម ជាគ្រឿងប្រគល់ឲ្យនូវផលមែន។ ម្នាលភិក្ខុទាំងឡាយ ដូចជាផ្លែជ្រៃទុំ បែកក្នុងខែជាទីបំផុត នៃគិម្ហរដូវទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ពូជជ្រៃនោះ ក៏ច្រុះចុះ ទៀបគល់រាំងភ្នំមួយដើម។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ទេវតាណា ដែលអាស្រ័យនៅលើដើមរាំងភ្នំនោះ ទេវតានោះ ក៏ភិតភ័យ ភ្ញាក់ផ្អើល ដល់នូវសេចក្តីតក់ស្លុត។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង អារាមទេវតា វនទេវតា រុក្ខទេវតា និងទេវតា ដែលអាស្រ័យលើដើមឈើជាថ្នាំ និងស្មៅ និងដើមឈើជាធំ ក្នុងព្រៃទាំងឡាយ ជាមិត្ត ជាអាមាត្យ ជាញាតិសាលោហិត របស់ទេវតា ដែលអាស្រ័យនៅលើដើមរាំងភ្នំនោះ មកប្រជុំព្រមគ្នា លួងលោមយ៉ាងនេះថា អ្នកដ៏ចំរើន កុំខ្លាចឡើយ អ្នកដ៏ចំរើន កុំខ្លាចឡើយ ធ្វើម្តេចឲ្យតែក្ងោកចឹកលេប ម្រឹគទំពាស៊ី ភ្លើងព្រៃឆេះ អ្នកធ្វើការងារក្នុងព្រៃ បោចរោច ឬកណ្តៀរពូនលុប នូវពូជជ្រៃនោះ ពុំនោះសោត ធ្វើម្តេចឲ្យតែមិនមានពូជក៏បាន។ ម្នាលភិក្ខុទាំងឡាយ ក្ងោកក៏មិនចឹកលេប ម្រឹគមិនទំពាស៊ី ភ្លើងព្រៃមិនឆេះ អ្នកធ្វើការងារក្នុងព្រៃ មិនបោចរោច
ID: 636824931089237058
ទៅកាន់ទំព័រ៖