ព្រះត្រៃបិដក ភាគ ២២
អ្នកទាំងនោះ ពោលយ៉ាងនេះថា ចុះហេតុអ្វី បានជាសមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ ពិចារណាឃើញ នូវអនាគតភ័យ ក្នុងកាមទាំងឡាយ ហើយពោលនូវការលះបង់ នូវកាមទាំងឡាយ បញ្ញត្តនូវការកន្លងកាមទាំងឡាយ ដ្បិតថាសម្ផស្សកំភួនដៃ របស់នាងបរិព្វាជិកាជំទង់ ប្រកបដោយរោមទន់នេះ ជាសុខម្ល៉េះ សមណព្រាហ្មណ៍ទាំងនោះ ក៏ដល់នូវសេចក្តីស្រួលចិត្ត ក្នុងកាមទាំងឡាយ។ លុះសមណព្រាហ្មណ៍ទាំងនោះ ដល់នូវសេចក្តីស្រួលចិត្ត ក្នុងកាមទាំងឡាយហើយ ទម្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ តែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ សមណព្រាហ្មណ៍ទាំងនោះ រងនូវទុក្ខវេទនាដ៏ក្លាខ្លាំង ខ្លោចផ្សា ក្នុងអបាយនោះ ទើបសមណព្រាហ្មណ៍ទាំងនោះ ពោលយ៉ាងនេះ ក្នុងទីនោះថា ឱ នេះហើយតើ បានជាសមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ ពិចារណាឃើញអនាគតភ័យ ក្នុងកាមទាំងឡាយ ហើយពោលនូវការលះបង់ នូវកាមទាំងឡាយ បញ្ញត្តនូវការកន្លងកាមទាំងឡាយ ឥឡូវ យើងទាំងនេះ ក៏រងនូវទុក្ខវេទនា ដ៏ក្លាខ្លាំង ខ្លោចផ្សា ព្រោះមានកាម ជាហេតុ មានកាម ជាគ្រឿងប្រគល់ឲ្យនូវផល។ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន នេះ តថាគតពោលថា មានសេចក្តីសុខក្នុងបច្ចុប្បន្ន តែមានសេចក្តីទុក្ខជាវិបាកតទៅ។
ID: 636824931807150319
ទៅកាន់ទំព័រ៖