ព្រះត្រៃបិដក ភាគ ២២
ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ព្រោះបុថុជ្ជន មិនដឹងតាមពិត រមែងដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម្មសមាទាននោះ ធម្មសមាទានណា ដែលមានសេចក្តីសុខក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីសុខ ជាវិបាកតទៅ ភិក្ខុជាអ្នកប្រកបដោយអវិជ្ជា មិនដឹងនូវធម្មសមាទាននោះ មិនស្គាល់តាមសេចក្តីពិតថា ធម្មសមាទាននេះឯង មានសេចក្តីសុខក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីសុខជាវិបាកតទៅ។ កាលភិក្ខុជាអ្នកប្រកបដោយអវិជ្ជា មិនដឹងនូវធម្មសមាទាននោះ មិនស្គាល់តាមសេចក្តីពិត ក៏រមែងសេពនូវធម្មសមាទាននោះ មិនវៀរចាកធម្មសមាទាននោះឡើយ។ កាលបើភិក្ខុនោះ សេពនូវធម្មសមាទាននោះ មិនវៀរចាកធម្មសមាទាននោះ អារម្មណ៍ទាំងឡាយ មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត រមែងចំរើនឡើង អារម្មណ៍ទាំងឡាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រមែងសាបសូន្យទៅ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ព្រោះបុថុជ្ជនមិនដឹងតាមពិត រមែងដូច្នោះឯង។
ID: 636824946609376326
ទៅកាន់ទំព័រ៖