ព្រះត្រៃបិដក ភាគ ២២
លុះផឹកហើយ ក៏ជាអ្នកបានសេចក្តីសុខ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគតហៅ ធម្មសមាទាន នេះថា មានសេចក្តីទុក្ខ ក្នុងបច្ចុប្បន្ន តែមានសេចក្តីសុខ ជាវិបាកតទៅ ក៏មានឧបមេយ្យ ដូច្នោះឯង។
[១៧៣] ម្នាលភិក្ខុទាំងឡាយ ដូចជាទឹកដោះជូរក្តី ទឹកឃ្មុំក្តី ទឹកដោះថ្លាក្តី ទឹកអំពៅក្តី លាយច្រឡំជាមួយគ្នា។ គ្រានោះ បុរសមានរោគចុះឈាម បានមកដល់។ ពួកជននិយាយនឹងបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចំរើន ទឹកដោះជូរក្តី ទឹកឃ្មុំក្តី ទឹកដោះថ្លាក្តី ទឹកអំពៅក្តី ទាំងនេះ លាយច្រឡំជាមួយគ្នា បើអ្នកត្រូវការ ចូរផឹកចុះ កាលបើបុរសនោះផឹកទឹកអម្បាលនោះ ក៏គាប់ចិត្តដោយពណ៌ផង ដោយក្លិនផង ដោយរសផង លុះផឹកហើយ ក៏ជាអ្នកបានសេចក្តីសុខ។ បើបុរសនោះ បានពិចារណាទឹកនោះហើយ ក៏មុខជាផឹក មិនលះបង់ទេ កាលបើបុរសនោះផឹកទឹកនោះហើយ ក៏គាប់ចិត្តដោយពណ៌ផង ដោយក្លិនផង ដោយរសផង លុះផឹកហើយ ជាអ្នកបានសេចក្តីសុខ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគតហៅ ធម្មសមាទាន នេះថា មានសេចក្តីសុខក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីសុខ ជាវិបាកតទៅ។
ID: 636824950340600880
ទៅកាន់ទំព័រ៖