ព្រះត្រៃបិដក ភាគ ២២
នៅតែម្នាក់ឯងក្តី លោកមានអាយុនេះ មិនមើលងាយ នូវពួកជនដែលប្រតិបត្តិត្រូវក្នុងទីនោះផង នូវពួកជនដែលប្រតិបត្តិខុស ក្នុងទីនោះផង នូវពួកជន ដែលប្រៀនប្រដៅគណៈ ក្នុងទីនោះផង នូវពួកជនខ្លះ ក្នុងលោកនេះ ដែលសំឡឹងអាមិសៈផង នូវពួកជនខ្លះ ក្នុងលោកនេះ ដែលមិនជាប់ចិត្តដោយអាមិសៈផង ដោយសេចក្តីប្រតិបត្តិ (របស់ជនទាំងនោះ) ឡើយ។ ពាក្យនេះ ខ្ញុំបានស្តាប់មកអំពីទី ចំពោះព្រះភក្ត្រព្រះមានព្រះភាគ ខ្ញុំបានចេះចាំមក អំពីទីចំពោះព្រះភក្ត្រព្រះមានព្រះភាគថា ខ្ញុំជាបុគ្គលមិនវិនាសដោយភ័យ លុះខ្ញុំមិនវិនាសដោយភ័យហើយ ក៏មិនសេពនូវកាមទាំងឡាយ ព្រោះលោកប្រាសចាករាគៈហើយ ព្រោះអស់រាគៈហើយ។
[១៧៨] ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុអ្នកពិចារណានូវធម៌ទាំងពីរនោះ គួរឲ្យភិក្ខុអ្នកពិចារណាធម៌មួយរូប សាកសួរតថាគតតទៅទៀតថា ធម៌ទាំងឡាយដ៏សៅហ្មង ដែលគប្បីដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មាន ឬមិនមានទេ។ ម្នាលភិក្ខុទាំងឡាយ តថាគត កាលនឹងព្យាករ គប្បីព្យាករយ៉ាងនេះថា ធម៌ទាំងឡាយដ៏សៅហ្មង ដែលគប្បីដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មិនមានទេ។ ធម៌ទាំងឡាយដ៏ច្រឡូកច្រឡំ ដែលគប្បីដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មាន ឬមិនមានទេ។ ម្នាលភិក្ខុទាំងឡាយ តថាគត កាលនឹងព្យាករ
ID: 636824952634292910
ទៅកាន់ទំព័រ៖