ព្រះត្រៃបិដក ភាគ ២២
កោសម្ពិយសូត្រ ទី៨
[១៨០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឃោសិតារាម ទៀបក្រុងកោសម្ពី។ ក៏សម័យនោះឯង ពួកភិក្ខុក្នុងក្រុងកោសម្ពី បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ ពួកភិក្ខុទាំងនោះ មិនញុំាងគ្នានឹងគ្នាឲ្យសុខចិត្តផង មិនប្រាថ្នានូវសេចក្តីសុខចិត្តផង មិនញុំាងគ្នានឹងគ្នាឲ្យយល់ព្រមផង មិនប្រាថ្នានូវសេចក្តីយល់ព្រមផង។ គ្រានោះ ភិក្ខុ១រូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះអង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុក្នុងនគរកោសម្ពីនេះ បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ ភិក្ខុទាំងនោះ មិនញុំាងគ្នានឹងគ្នាឲ្យសុខចិត្តផង មិនប្រាថ្នានូវសេចក្តីសុខចិត្តផង មិនញុំាងគ្នានឹងគ្នាឲ្យយល់ព្រមផង មិនប្រាថ្នានូវសេចក្តីយល់ព្រមផង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុមួយរូបមកថា ម្នាលភិក្ខុ អ្នកចូរមកនេះ
ID: 636824953819748992
ទៅកាន់ទំព័រ៖