ព្រះត្រៃបិដក ភាគ ២២
គឺការចេញចាកអាបត្តិ មានសភាពយ៉ាងណា ភិក្ខុក៏គង់ត្រូវអាបត្តិ មានសភាពយ៉ាងនោះខ្លះដែរ តែថា ភិក្ខុនោះ រមែងសំដែង បើក ធ្វើឲ្យច្បាស់ឡើង នូវអាបត្តិនោះ ក្នុងសំណាក់សាស្តា ឬក្នុងពួកសព្រហ្មចារីបុគ្គល ជាអ្នកប្រាជ្ញ ដោយឆាប់រហ័ស លុះសំដែង បើក ធ្វើឲ្យច្បាស់ឡើងហើយ ក៏ដល់នូវការសង្រួមតទៅ។ ម្នាលភិក្ខុទាំងឡាយ ដូចជាកុមារក្មេងជាកូនខ្ចីនៅដេកផ្ងារនៅឡើយ ប៉ះពាល់រងើកភ្លើងដោយដៃក្តី ដោយជើងក្តី ក៏ដកមកវិញជាប្រញាប់ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ ធម្មតារបស់បុគ្គលដែលប្រកបដោយទិដ្ឋិ គឺការចេញចាកអាបត្តិមានសភាពយ៉ាងណា ភិក្ខុក៏គង់ត្រូវអាបត្តិមានសភាពយ៉ាងនោះខ្លះដែរ តែថាភិក្ខុនោះ សំដែង បើក ធ្វើឲ្យច្បាស់ឡើង នូវអាបត្តិនោះ ក្នុងសំណាក់សាស្តា ឬក្នុងពួកសព្រហ្មចារីបុគ្គល ជាអ្នកប្រាជ្ញ ដោយឆាប់រហ័ស លុះសំដែង បើក ធ្វើឲ្យច្បាស់ឡើងហើយ ក៏ដល់នូវកិរិយាសង្រួមតទៅ យ៉ាងនោះដែរ។ ភិក្ខុនោះ ក៏ដឹងយ៉ាងនេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមធម្មតា មានសភាពយ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិ តាមធម្មតា មានសភាពយ៉ាងនោះដែរ។ នេះជាញាណទី៤ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ ដល់ពួកបុថុជ្ជនឡើយ។
ID: 636824959005686102
ទៅកាន់ទំព័រ៖