ព្រះត្រៃបិដក ភាគ ២២
ព្រហ្មនិមន្តនិកសូត្រ ទី៩
[១៩១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ បានទទួលស្តាប់ព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។
[១៩២] ព្រះមានព្រះភាគបានត្រាស់ភាសិតនេះថា ម្នាលភិក្ខុទាំងឡាយ សម័យមួយ តថាគតនៅក្នុងសុភគវ័ននេះ ទៀបគល់សាលរាជព្រឹក្ស នាដែនឧក្កដ្ឋា។ ម្នាលភិក្ខុទាំងឡាយ សម័យនោះឯង ទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះ កើតឡើងដល់ព្រហ្មឈ្មោះ ពកៈ ថា ឋានព្រហ្មនេះ ជារបស់ទៀង ជារបស់ឋិតថេរ ជារបស់មាននៅគ្រប់កាល ជារបស់មិនធ្លុះធ្លាយ ជារបស់មិនឃ្លៀងឃ្លាត ព្រោះថា ឋានព្រហ្មនេះ មិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនកើតឡើង ឯឋានដទៃ ជាទីរលាស់ខ្លួនចេញចាកទុក្ខ ឲ្យក្រៃលែងជាងឋានព្រហ្មនេះ មិនមានឡើយ។
ID: 636824960388492532
ទៅកាន់ទំព័រ៖