ព្រះត្រៃបិដក ភាគ ២២
ម្នាលភិក្ខុទាំងឡាយ គ្រានោះ តថាគត បានដឹងនូវសេចក្តីត្រិះរិះ ក្នុងចិត្តរបស់ ពកព្រហ្ម ដោយចិត្តរបស់តថាគត ហើយក៏បាត់អំពីសុភគវ័ន ទៀបគល់សាលរាជព្រឹក្ស ក្នុងក្រុងឧក្កដ្ឋា ទៅប្រាកដក្នុងព្រហ្មលោកនោះ ដូចជាបុរសមានកំឡាំង លាដៃដែលបត់ចូល ឬបត់ដៃដែលលាចេញ ដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ ពកព្រហ្ម បានឃើញតថាគតកំពុងមកអំពីចម្ងាយ លុះឃើញហើយ ទើបក្រាបបង្គំទូលតថាគត យ៉ាងនេះថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ សូមព្រះអង្គ ទ្រង់ស្តេចចូលមក បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ដំណើរដែលព្រះអង្គស្តេចមកនេះ ប្រពៃហើយ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះអង្គខានធ្វើដំណើរនិមន្តមកក្នុងទីនេះ អស់កាលជាយូរអង្វែងណាស់ហើយ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ធម្មតា ឋានព្រហ្មនេះ ជាទីទៀង ជាទីឋិតថេរនៅសព្វកាល មិនធ្លុះធ្លាយ មិនឃ្លៀងឃ្លាត ព្រោះថាឋានព្រហ្មនេះ រមែងមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនកើតឡើងទៀតទេ ឯឋានដទៃ ជាទីរលាស់ខ្លួនចេញចាកទុក្ខ ឲ្យក្រៃលែងជាស្ថានព្រហ្មនេះ មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលពកព្រហ្ម ពោលយ៉ាងនេះហើយ តថាគត បានពោលនឹងពកព្រហ្មយ៉ាងនេះថា អើហ្ន៎ ពកព្រហ្ម ប្រកបដោយអវិជ្ជាទេតើ អើហ្ន៎ ពកព្រហ្ម ប្រកបដោយអវិជ្ជាទេតើ
ID: 636824960630760957
ទៅកាន់ទំព័រ៖