ព្រះត្រៃបិដក ភាគ ២២
ក្នុងការសំដែងធម៌ឡើយ។ ម្នាលមារមានចិត្តបាប ដោយហេតុនេះ វិធុរៈមានអាយុ មានឈ្មោះថា វិធុរៈ វិធុរៈ ដូច្នេះ កើតប្រាកដឡើង។ ម្នាលមារមានចិត្តបាប ចំណែកខាងសញ្ជីវៈមានអាយុ នៅក្នុងព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី តែងតែចូលសញ្ញាវេទយិតនិរោធ ដោយសេចក្តីលំបាកតិច។ ម្នាលមារមានចិត្តបាប កាលពីដើមមក សញ្ជីវៈមានអាយុ អង្គុយចូលសញ្ញាវេទយិតនិរោធ ក្រោមម្លប់ឈើមួយដើម។ ម្នាលមារមានចិត្តបាប ពួកអ្នករក្សាគោ ពួកអ្នករក្សាពពែ ពួកអ្នកភ្ជួររាស់ និងពួកអ្នកដំណើរ បានឃើញសញ្ជីវៈមានអាយុ កំពុងអង្គុយចូលសញ្ញាវេទយិតនិរោធ ក្រោមម្លប់ឈើមួយដើម លុះឃើញហើយ ពួកជនទាំងនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា អើ នេះអស្ចារ្យណាស់ហ្ន៎ អើមិនដែលមានទេហ្ន៎ សមណៈនេះ អង្គុយធ្វើមរណកាលទៅហើយ បើដូច្នោះ យើងនឹងនាំគ្នាបូជាសពលោក។ ម្នាលមារមានចិត្តបាប គ្រានោះ ពួកអ្នករក្សាគោ ពួកអ្នករក្សាពពែ ពួកអ្នកភ្ជួររាស់ និងពួកអ្នកដំណើរនោះ ប្រមូលនូវស្មៅ ឧស និងអាចម៍គោ មករុំកាយព្រះសញ្ជីវៈមានអាយុហើយ ក៏ឆួលភ្លើង ហើយចៀសចេញទៅ។
ID: 636824967266438615
ទៅកាន់ទំព័រ៖