ព្រះត្រៃបិដក ភាគ ២២
ដោយការបូជាដ៏ក្រៃលែង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនបានតំកល់មេត្តាកាយកម្ម ក្នុងទីចំពោះមុខ និងទីកំបាំងមុខ មិនតំកល់មេត្តាវចីកម្ម មិនតំកល់មេត្តាមនោកម្ម ក្នុងទីចំពោះមុខ និងទីកំបាំងមុខ ចំពោះភិក្ខុទាំងឡាយ ដែលជាថេរៈ ដឹងនូវរាត្រី បួសយូរ ជាបិតារបស់សង្ឃ ជាសង្ឃបរិនាយក ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនបានបូជាពួកភិក្ខុ ដែលជាថេរៈ ដឹងនូវរាត្រី បួសយូរ ជាបិតារបស់សង្ឃ ជាសង្ឃបរិនាយក ដោយការបូជាដ៏ក្រៃលែង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបព្រមដោយធម៌ទាំង១១នេះឯង មិនគួរដើម្បីដល់នូវសេចក្តីចំរើន លូតលាស់ ពេញទូលាយ ក្នុងធម្មវិន័យនេះបានឡើយ។
[២៦] ម្នាលភិក្ខុទាំងឡាយ គង្វាលគោ ប្រកបព្រមដោយអង្គទាំង១១ ទើបគួរដើម្បីរក្សា នូវហ្វូងគោ គួរដើម្បីញុំាងហ្វូងគោ ឲ្យចំរើនបាន អង្គទាំង១១ តើដូចម្តេចខ្លះ ម្នាលភិក្ខុទាំងឡាយ គង្វាលគោ ក្នុងលោកនេះ ជាអ្នកស្គាល់នូវរូបគោ១ ឈ្លាសក្នុងលក្ខណៈ១ ឆ្កឹះនូវពងរុយ១ បិទដំបៅ១ បំពក់ភ្នក់១ ស្គាល់កំពង់ទឹក១ ដឹងថាគោបានផឹកទឹក
ID: 636824790974436906
ទៅកាន់ទំព័រ៖