ព្រះត្រៃបិដក ភាគ ២២
ស្គាល់នូវផ្លូវប្រកបដោយអង្គទាំង៨ ជាផ្លូវដ៏ប្រសើរ តាមសេចក្តីពិត ម្នាលភិក្ខុទាំងឡាយ ភិក្ខុស្គាល់ផ្លូវ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឈ្លាសក្នុងកន្លែងគោចរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់នូវសតិប្បដ្ឋានទាំង៤ តាមសេចក្តីពិត ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកឈ្លាស ក្នុងកន្លែងគោចរ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នករូតយកទេយ្យវត្ថុ ឲ្យនៅសល់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកគហបតី ដែលមានសទ្ធា បាននាំយកចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ មកបវារណា ចំពោះភិក្ខុក្នុងសាសនានេះហើយ ភិក្ខុស្គាល់ប្រមាណ ក្នុងការទទួលបច្ច័យទាំងនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នករូតយកទេយ្យវត្ថុ ឲ្យនៅសល់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកបូជា ចំពោះភិក្ខុដែលជាថេរៈ ដឹងនូវរាត្រី បួសយូរ ជាបិតារបស់សង្ឃ ជាសង្ឃបរិនាយក ដោយការបូជាដ៏ក្រៃលែង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ តំកល់មេត្តាកាយកម្ម ក្នុងទីចំពោះមុខ និងទីកំបាំងមុខ តំកល់មេត្តាវចីកម្ម ក្នុងទីចំពោះមុខ និងទីកំបាំងមុខ តំកល់មេត្តាមនោកម្ម ក្នុងទីចំពោះមុខ និងទីកំបាំងមុខ ចំពោះភិក្ខុទាំងឡាយ ដែលជាថេរៈ ដឹងនូវរាត្រី បួសយូរ ជាបិតារបស់សង្ឃ ជាសង្ឃបរិនាយក
ID: 636824792231175113
ទៅកាន់ទំព័រ៖