ព្រះត្រៃបិដក ភាគ ២២
មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន យ៉ាងណាខ្លះ។ បពិត្រព្រះអង្គដ៏ចំរើន បណ្តាយើងខ្ញុំព្រះអង្គ ក្នុងទីនេះ លោកណាត្រឡប់ពីបិណ្ឌបាត អំពីស្រុកមុនគេ លោកនោះ ក៏រៀបក្រាលអាសនៈ តំកល់ទឹកឆាន់ និងទឹកសម្រាប់ប្រើប្រាស់ តំកល់ទុកនូវភាជន៍ សម្រាប់រំលែកបិណ្ឌបាត ដែលមានច្រើន លោកណាត្រឡប់ពីបិណ្ឌបាត អំពីស្រុកក្រោយគេ បើមានភត្តដ៏សេសសល់អំពីភត្ត ដែលលោកអង្គណាបរិភោគហើយ បើចង់បរិភោគ ក៏បរិភោគទៅ បើមិនចង់បរិភោគទេ ក៏ចាក់ចោលក្នុងទីដែលប្រាសចាកតិណជាតិ មានពណ៌ខៀវ ឬចាក់ចោលចោលក្នុងទឹក ដែលប្រាសចាកសត្វ ភិក្ខុនោះ ទុកដាក់អាសនៈ ទុកដាក់ទឹកសម្រាប់ឆាន់ និងទឹកសម្រាប់ប្រើប្រាស់ ទុកដាក់ភាជន៍សម្រាប់ផ្ទេរបិណ្ឌបាត និងបោសសំអាតរោងភត្ត លោកណាឃើញក្អមសម្រាប់ដាក់ទឹកឆាន់ ក្អមដាក់ទឹកប្រើប្រាស់ ឬក្អមសម្រាប់ដាក់ទឹកទុកក្នុងវច្ចកុដិ មានទឹកតិច ឬទទេ ភិក្ខុនោះ តែងដង (ទឹកទុក) បើភិក្ខុនោះ មិនអាចនឹងលើកភារៈនោះរួចទេ ក៏ហៅភិក្ខុជាគំរប់ពីរមក ដោយវិការៈនៃដៃ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ ទុកដាក់ដោយការជួយគ្នាដោយដៃ មិនបាច់បញ្ចេញវាចា ព្រោះកិច្ចការនោះជាបច្ច័យ
ID: 636824778082572150
ទៅកាន់ទំព័រ៖