ព្រះត្រៃបិដក ភាគ ២២
ព្រោះពាក្យខាងចុងរបស់អ្នក មិនជាប់តគ្នា នឹងពាក្យខាងដើមទេ ឬពាក្យខាងដើមរបស់អ្នក ក៏មិនជាប់តគ្នា នឹងពាក្យខាងចុងដែរ នែអគ្គិវេស្សនៈ អ្នកសំគាល់នូវហេតុនោះ ថាដូចម្តេច អ្នកពោលនូវវិញ្ញាណណា យ៉ាងនេះថា វិញ្ញាណជាខ្លួនរបស់អញ អំណាចរបស់អ្នក ប្រព្រឹត្តទៅក្នុងវិញ្ញាណនោះថា វិញ្ញាណរបស់អញ ចូរយ៉ាងនេះទៅ វិញ្ញាណរបស់អញ ចូរកុំយ៉ាងនេះឡើយ បានឬ។ បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះ មិនបានទេ។ ម្នាលអគ្គិវេស្សនៈ អ្នកចូរធ្វើទុកក្នុងចិត្តចុះ នែអគ្គិវេស្សនៈ លុះអ្នកធ្វើទុកក្នុងចិត្តរួចហើយ ចូរដោះស្រាយចុះ ព្រោះពាក្យខាងចុងរបស់អ្នក មិនជាប់តគ្នា នឹងពាក្យខាងដើមទេ ឬពាក្យខាងដើមរបស់អ្នក ក៏មិនជាប់តគ្នា នឹងពាក្យខាងចុងដែរ នែអគ្គិវេស្សនៈ អ្នកសំគាល់នូវហេតុនោះ ថាដូចម្តេច រូបទៀង ឬមិនទៀង។ បពិត្រព្រះគោតមដ៏ចំរើន រូបមិនទៀងទេ។ របស់ណាដែលមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ បពិត្រព្រះគោតមដ៏ចំរើន របស់នោះ ជាទុក្ខ។ ចុះរបស់ណាដែលមិនទៀង ដែលជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរឃើញរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ឬទេ។ បពិត្រព្រះគោតមដ៏ចំរើន មិនគួរឃើញយ៉ាងនុ៎ះទេ។ ម្នាលអគ្គិវេស្សនៈ អ្នកសំគាល់នូវហេតុនោះ ថាដូចម្តេច វេទនា... សញ្ញា...
ID: 636824800268837234
ទៅកាន់ទំព័រ៖