ព្រះត្រៃបិដក ភាគ ២២
សង្ខារទាំងឡាយ... វិញ្ញាណទៀង ឬមិនទៀង។ បពិត្រព្រះគោតមដ៏ចំរើន វិញ្ញាណមិនទៀងទេ។ ចុះរបស់ណា ដែលមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ បពិត្រព្រះគោតមដ៏ចំរើន របស់នោះ ជាទុក្ខ។ ចុះរបស់ណា ដែលមិនទៀង ដែលជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរឃើញរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ឬទេ។ បពិត្រព្រះគោតមដ៏ចំរើន មិនគួរឃើញយ៉ាងនុ៎ះទេ។ ម្នាលអគ្គិវេស្សនៈ អ្នកសំគាល់នូវហេតុនោះ ថាដូចម្តេច បុគ្គលណាស្អិតជាប់នឹងសេចក្តីទុក្ខ ប្រកបនឹងសេចក្តីទុក្ខ លិចចុះទៅក្នុងសេចក្តីទុក្ខ ឃើញនូវសេចក្តីទុក្ខថា នុ៎ះជារបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ដូច្នេះហើយ បុគ្គលនោះ គប្បីកំណត់ដឹងនូវសេចក្តីទុក្ខ ដោយខ្លួនឯងបាន ឬថាគប្បីធ្វើសេចក្តីទុក្ខ ឲ្យអស់ទៅបាន តើមានឬទេ។ បពិត្រព្រះគោតមដ៏ចំរើន នឹងមានដូចម្តេចបាន បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះ មិនមានទេ។ ម្នាលអគ្គិវេស្សនៈ អ្នកសំគាល់នូវហេតុនោះ ថាដូចម្តេច កាលបើមានហេតុយ៉ាងនេះ ក្រែងអ្នកជាបុគ្គលជាប់ស្អិត នឹងសេចក្តីទុក្ខ ប្រកបនឹងសេចក្តីទុក្ខ លិចចុះទៅក្នុងសេចក្តីទុក្ខហើយ ឃើញសេចក្តីទុក្ខថា នុ៎ះជារបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះ មែនឬ។ បពិត្រព្រះគោតមដ៏ចំរើន ថ្វីក៏មិនមានដូច្នេះ បពិត្រព្រះគោតមដ៏ចំរើន ហេតុនុ៎ះយ៉ាងនេះឯង។
ID: 636824800520631677
ទៅកាន់ទំព័រ៖