ព្រះត្រៃបិដក ភាគ ២២

 [​៣៩​]​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​ដូចជា​បុរស​អ្នក​ត្រូវការ​ដោយ​ខ្លឹមឈើ​ ​ស្វែងរក​ខ្លឹមឈើ​ ​ត្រាច់​ទៅ​ស្វែងរក​ខ្លឹមឈើ​ ​ក៏​កាន់​យក​នូវ​ដឹង​ដ៏​មុត​ ​ចូល​ទៅកាន់​ព្រៃ​ ​បុរស​នោះ​ ​ឃើញ​ដើមចេក​ធំ​ ​ក្នុង​ព្រៃ​នោះ​ ​មាន​ដើម​ត្រង់​ ​សាច់​ខ្ចី​ ​មិនទាន់​កើតមាន​ស្នូល​ស្ទង​ ​ហើយ​កាត់​នូវ​ដើមចេក​នោះ​ត្រង់​គល់​ ​លុះ​កាត់​គល់​រួចហើយ​ ​ក៏​កាត់ចុង​ ​លុះ​កាត់ចុង​រួចហើយ​ ​បក​ស្រទប​ចេញ​ ​កាលដែល​បុរស​នោះ​ ​បក​ស្រទប​ចេញ​ ​ក៏​មិន​គប្បី​បាន​ ​សូម្បី​នូវ​ស្រាយ​ ​ក្នុង​ដើមចេក​នោះ​ឡើយ​ ​នឹង​បាន​ខ្លឹម​មក​ពីណា​ ​សេចក្តី​នេះ​ ​ឧបមា​យ៉ាងណាមិញ​ ​នែ​អគ្គិ​វេស្ស​នៈ​ ​អ្នក​ដែល​តថាគត​ ​ជជីកសួរ​ដេញដោល​ ​ក៏​ទៅជា​មនុស្ស​សោះសូន្យ​ទទេ​ ​ឥតខ្លឹមសារ​ ​ចាលចាញ់​ក្នុង​វាទៈ​របស់​ខ្លួន​ ​មាន​ឧបមេយ្យ​ដូចដើម​ចេក​ ​ដូច្នោះឯង​ ​នែ​អគ្គិ​វេស្ស​នៈ​ ​មួយទៀត​ ​វាចា​នេះ​ ​អ្នក​បាន​ពោល​ហើយ​ ​នា​កណ្តាល​បរិស័ទ​ ​ក្រុង​វេសាលី​ថា​ ​បុគ្គល​ណា​ ​ដែល​អាត្មា​លើកឡើង​នូវ​ទោស​ ​ដោយ​ពាក្យសំដី​ហើយ​ ​មិន​កក្រើក​ ​មិន​រំភើប​ ​មិន​ញាប់ញ័រ​ ​ទាំង​ញើស​ ​ក៏​មិន​ហូរចេញ​អំពី​ក្លៀក​ ​របស់​បុគ្គល​ណា​ ​អាត្មា​មិនបាន​ឃើញ​នូវ​បុគ្គល​នោះ​ ​ទោះ​សមណៈ​ក្តី​ ​ព្រាហ្មណ៍​ក្តី​ ​ដែល​មាន​ពួក​ ​មាន​គណៈ​ ​ជា​អាចារ្យ​នៃ​គណៈ​ ​ឬក៏​បាន​ប្តេជ្ញា​ខ្លួន​ថា​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ទេ​ ​ឯ​អាត្មា​ ​បើ​គប្បី​លើកឡើង​នូវ​ទោស​ ​ដោយ​ពាក្យសំដី​ ​ចំពោះ​ទៅលើ​បង្គោល​ ​ដែល​ជា​របស់​គ្មាន​ចេតនា​សោះ
ថយ | ទំព័រទី ៧៧ | បន្ទាប់
ID: 636824800764616105
ទៅកាន់ទំព័រ៖