ព្រះត្រៃបិដក ភាគ ២២
បង្គោលនោះ លុះអាត្មាលើកឡើងនូវទោស ដោយពាក្យសំដីហើយ ក៏គប្បីកក្រើក រំភើប ញាប់ញ័រមិនខាន និយាយទៅថ្វីដល់មនុស្សជាតផងគ្នា ម្នាលអគ្គិវេស្សនៈ ចំណែកអ្នកមានដំណក់ញើសខ្លះ ហូរចេញអំពីថ្ងាស ទំលុះសំពត់បង់ក ហើយធ្លាក់ទៅដក់លើផែនដីហើយ នែអគ្គិវេស្សនៈ ឯតថាគត ឥឡូវនេះ ឥតមានញើសក្នុងកាយទេ។ ព្រោះហេតុដូច្នោះ ព្រះមានព្រះភាគ ទ្រង់បើកនូវព្រះកាយ
(១) ដែលមានសម្បុរដូចជាពណ៌នៃមាស ក្នុងបរិស័ទនោះ។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សច្ចកនិគន្ថបុត្ត ក៏អង្គុយស្ងៀម អៀនអន់ ដាក់កសំយុងមុខចុះក្រោម ជ្រប់ស្រងូត មិនក្លៀវក្លា។
[៤០] គ្រានោះឯង លិច្ឆវិបុត្រឈ្មោះ ទុម្មុខៈ ដឹងច្បាស់ថា សច្ចកនិគន្ថបុត្ត ស្ងៀម អៀនអន់ ដាក់កសំយុងមុខចុះក្រោម ជ្រប់ស្រងូត មិនក្លៀវក្លា ហើយក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះ
(១) ព្រះអង្គបើកកាយនោះ មិនមែនបើកកាយទាំងអស់ទេ ព្រោះទំនៀមព្រះពុទ្ធគ្រប់ព្រះអង្គ តែងពាក់ក្ឌុំ បិទសរីរៈហើយ សំដែងធម៌ក្នុងប្រជុំបរិស័ទ។ ក្នុងកាលនោះ ព្រះមានព្រះភាគ ទ្រង់ចាប់យកចីវរ ត្រង់បំពង់ព្រះសូរងខាងមុខទំលាក់ចុះ ប្រមាណប៉ុន៤ធ្នាប់។
ID: 636824801162884805
ទៅកាន់ទំព័រ៖